លោក Putin និង លោក Xi Jinping ជួបពិភាក្សាគ្នាថ្នាក់រដ្ឋស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិបត្តិសកលក្រោយពីលោក Trump ចាកចេញបានជាង១សប្តាហ៍
នាព្រឹកថ្ងៃពុធនេះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយមេដឹកនាំចិនលោកប្រធានាធិបតី Xi Jinping នៅទីក្រុងប៉េកាំងដោយកងកិត្តិយស ក៏ដូចជាមានកុមារតូចៗចម្រុះគ្នាគ្រវីទង់ជាតិចិន និងរុស្ស៊ីដែរ។ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសចិន បានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួនទៅកាន់ទីក្រុងប៉េកាំងដែរ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទំនងជាត្រូវបានតាមដានយ៉ាងដិតដល់ដូចគ្នា ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកការរក្សាទំនាក់ទំនងស្ថិរភាពជាមួយសហរដ្ឋអាមេរិក ស្របគ្នានឹងការចង់រក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយប្រទេសរុស្ស៊ីផងដែរ។ បន្តមកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោកប្រធានាធិបតី Xi បានចាប់ដៃគ្នា និងថតរូបមុនពេលកិច្ចពិភាក្សានៅទីក្រុងប៉េកាំងចាប់ផ្តើម។ ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសចិនលើកនេះហាក់ដូចជាឆាប់រហ័ស និង មិនសូវលេចលឺព័ត៌មានសុះសាយមុនពេលអញ្ជើញដល់នោះទេ ប៉ុន្តែគេជឿជាក់ថាមេដឹកនាំទាំងពីរពិតជាបានយល់ស្របគ្នាលើជំនួបមួយនេះយូរណាស់មកហើយ។ វិមានក្រឹមឡាំងបាននិយាយថា លោក Putin និងលោក Xi មានគម្រោងពិភាក្សាស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផង ប៉ុន្តែក៏នឹងពិភាក្សាអំពី “បញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ” ដូចគ្នាដែរ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលគ្នានឹងខួបលើកទី ២៥នៃសន្ធិសញ្ញាមិត្តភាពចិន-រុស្ស៊ីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ជាពិសេសបន្ទាប់ពីការឈ្លានពានរបស់អ៊ុយក្រែនទ្រង់ទ្រាយធំមកកាន់ទីក្រុងមូស្គូក្នុងឆ្នាំ ២០២២។ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានអព្យាក្រឹតភាពក្នុងជម្លោះនោះ ខណៈដែលខ្លួនក៏ព្យាយាមរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយវិមានក្រឹមឡាំងដែរ ទោះបីជាមានទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។ លោក Putin បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយដែលបានចេញផ្សាយមុនលោកចេញដំណើរមកកាន់ប្រទេសចិនថា ទំនាក់ទំនងទ្វេភាគីរបស់ពួកយើងកំពុងស្ថិតក្នុង «កម្រិតមួយដែលមិនធ្លាប់មានពីមុនមកទេ» ហើយទំនាក់ទំនងនេះបានដើរតួនាទីយ៉ាងសំខាន់នៅទូទាំងពិភពលោកដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



