ក្រសួងបរិស្ថាន ចូលរួមអបអរសាទរការដាក់ឱ្យដំណើរការកម្មវិធីសិក្សាទឹកស្អាត និងអនាម័យធន់នឹងអាកាសធាតុ
ភ្នំពេញ ៖ លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យដំណើរការ «កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ ស្តីពីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ» របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងមូលនិធិសហប្រជាជាតិសម្រាប់កុមារប្រចាំកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ក្រសួងបរិស្ថាន សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តួចផ្តើម និងរៀបចំយ៉ាងសម្រិតសម្រាំងនូវកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ដែលមានចំនួន៥ជំពូក គ្របដណ្តប់លើការវាយតម្លៃដំណោះស្រាយទឹកស្អាត ហិរញ្ញប្បទានអាកាសធាតុ និងការកសាងភាពធន់។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏សូមកោតសរសើរចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្រេចបាននូវអត្រាគ្របដណ្តប់សេវាទឹកស្អាតកម្រិតមូលដ្ឋាន ៨៩ភាគរយ និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩៥ភាគរយ ព្រមទាំងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នៅតាមបណ្តារាជធានី-ខេត្តគោលដៅ ត្រឹមឆ្នាំ២០២៥កន្លងទៅ ដែលនេះជាស្ពានចម្លងដ៏រឹងមាំសម្រាប់បន្តបោះជំហានទៅកាន់ការកសាងភាពធន់ពេញលេញ។
ការកសាងសមត្ថភាពមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ តាមរយៈកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន ចាត់ទុកសមិទ្ធផលនេះថាជាការចូលរួមចំណែកយ៉ាងធំធេង និងចំគោលដៅ ក្នុងការគាំទ្រដល់ការអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជា ក្រោមរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ជំនាន់ទី៣ (NDC3.0)។ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គឺជាវិស័យអាទិភាពមួយដែលងាយរងគ្រោះខ្ពស់ដោយសារបម្រែបម្រួលអាកាសធាតុ ហើយការពង្រឹងភាពធន់នៅក្នុងវិស័យនេះ គឺជាកត្តាស្នូលក្នុងការធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍ និងការការពារសុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។
ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការពង្រឹងសមត្ថភាពស្ថាប័ន គឺជាយន្តការស្នូលក្នុងការឈានទៅសម្រេចបាននូវសង្គមមួយដែលធន់នឹងអាកាសធាតុ។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារបរិស្ថាន ក្រសួងបរិស្ថាន ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាយុទ្ធសាស្ត្រជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជំរុញការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍គ្រប់វិស័យ សំដៅរួមចំណែកកសាងសង្គមកម្ពុជាមួយដែលធានាបាននូវបរិស្ថានរស់នៅស្អាត បៃតង មានភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយចីរភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕



