ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចុះស្វែងយល់ពីស្ថានភាព និងការប្រកបអាជីវកម្មដាំស្វាយចន្ទី ក្នុងឃុំកញ្ជរ ស្រុកឆ្លូង, ខេត្តក្រចេះ មានផ្ទៃដីដាំស្វាយចន្ទី ប្រមាណ ១១ម៉ឺនហិកតា ដែលជាខេត្តមានផ្ទៃដីដាំដំណាំស្វាយចន្ទីធំទី២ បន្ទាប់ពីខេត្តកំពង់ធំ,
(ក្រចេះ)៖ បន្ទាប់ពីជួបប្រជុំជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុកឆ្លូង រួចមក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
បានអញ្ជើញចុះស្វែងយល់ពីស្ថានភាព និងការប្រកបអាជីវកម្មដាំស្វាយចន្ទីរបស់ប្រជាកសិករ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីសិក្សាពីបញ្ហាប្រឈម តម្រូវការ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានស្តាប់ការរាយការណ៍ពីប្រជាកសិករ និងអាជ្ញាធរមូលដ្ឋាន អំពីការដាំដុះ ការថែទាំ ផលិតភាព និងទីផ្សារលក់ស្វាយចន្ទី ព្រមទាំងបានលើកទឹកចិត្តឱ្យប្រជាកសិករបន្តអភិវឌ្ឍការដាំដុះឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តក្រចេះ ដែលជាតំបន់ដាំដុះគ្រាប់ស្វាយចន្ទីធំជាងគេទីពីររបស់ប្រទេសកម្ពុជា ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម និងពង្រីកការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។
ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងលើកទឹកចិត្តដល់ការអភិវឌ្ឍសមត្ថភាពកែច្នៃក្នុងស្រុក ជំនួសឱ្យការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសជិតខាង។ គ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបានទទួលស្គាល់ចំពោះគុណភាព និងរសជាតិរបស់វា។ ដូច្នេះ“យើងត្រូវតែរក្សាកេរ្តិ៍ឈ្មោះគុណភាពល្អនៃគ្រាប់ស្វាយចន្ទីរបស់យើង”។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យកសិករកុំបោះបង់ចោលការដាំដុះគ្រាប់ស្វាយចន្ទីហើយកាប់ដើមស្វាយចន្ទីដើម្បីជំនួសផ្លែឈើផ្សេងទៀត។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្ម និងគាំទ្រដល់ប្រជាកសិករ តាមរយៈការពង្រឹងបច្ចេកទេស ផ្តល់ព័ត៌មានទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជនបទឱ្យកាន់តែរីកចម្រើន។
តាមការបញ្ជាក់របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមានចម្ការស្វាយចន្ទីប្រហែល ១១០,០០០ ហិកតា ដែលធ្វើឱ្យវាក្លាយជាខេត្ត មានផលិតផលស្វាយចន្ទីធំជាងគេទីពីររបស់ប្រទេស បន្ទាប់ពីខេត្តកំពង់ធំ ហើយអាចប្រមូលគ្រាប់ស្វាយចន្ទីបានប្រហែល ២០មុឺនតោនក្នុងមួយឆ្នាំ។
គ្រាប់ស្វាយចន្ទីសើម និងស្ងួតភាគច្រើនដែលផលិតនៅក្នុងខេត្តត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ។
មន្ត្រីជំនាញបានបញ្ជាក់ថា “ប្រសិនបើយើងមានកន្លែងកែច្នៃ យើងអាចកែច្នៃផលិតផលដោយខ្លួនឯង និងនាំចេញផលិតផលសម្រេចទៅក្រៅប្រទេស”៕



