ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះស្វែងយល់ពីការដាំដំណាំទុរេនរបស់ប្រជាកសិករ នៅឃុំកញ្ជរ ស្រុកឆ្លូង និងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍការដាំដុះដំណាំទុរេនឱ្យមានគុណភាព ស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមទាំងមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញចុះស្វែងយល់ពីការដាំដំណាំទុរេនរបស់ប្រជាកសិករ នៅឃុំកញ្ជរ ស្រុកឆ្លូង ដើម្បីសិក្សាពីស្ថានភាពជាក់ស្តែង ការថែទាំដំណាំ បញ្ហាប្រឈម និងទីផ្សារកសិផលរបស់ប្រជាពលរដ្ឋ។ ជាមួយនេះដែរ ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍការដាំដុះដំណាំទុរេនឱ្យមានគុណភាព ស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះប្រជាកសិករ ដែលបានខិតខំអភិវឌ្ឍការដាំដុះដំណាំទុរេន ឱ្យក្លាយជាដំណាំមានសក្តានុពលសេដ្ឋកិច្ច និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករ បន្តអនុវត្តបច្ចេកទេសកសិកម្មត្រឹមត្រូវ ដើម្បីបង្កើនគុណភាព និងទិន្នផលឱ្យកាន់តែល្អប្រសើរ៕



