ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូសុខាភិបាល ចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសុខាភិបាល ទៅចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រិះរិះពិចារណារអំពី «អាទិភាពទាំងឡាយសម្រាប់សុខភាពសកល និងកត្តាប្រឈម (The Global Health Priorities and Challenges)» ដែលក្នុងនោះមហាសន្និបាតពិភពលោក នឹងពិភាក្សារួមគ្នាដោយផ្តោតសំខាន់លើប្រធានបទជាអាទិភាព ដូចខាងក្រោម៖

១) ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់

២) គោលនយោបាយ និងយុទ្ធសាស្ត្រលើការគ្រប់គ្រងផលិតផលថ្នាំជក់

៣) ប្រព័ន្ធសុខាភិបាលមានភាពធន់ជាពិសេស សុខភាពតែមួយ (One Health)

៤) ការគ្រប់គ្រងជំងឺឆ្លង ជាពិសេសកត្តាហានិភ័យ

៥) ការគ្របដណ្តប់សុខភាពសកល តាមរយៈថែទាំសុខភាពបឋម រួមទាំងសុខភាពផ្លូវចិត្ត

៦) ការបម្រើសេវាសុខភាពដែលផ្តោតលើប្រជាជន (People-Centered Service Delivery)

៧) ការអភិវឌ្ឍធនធានមនុស្ស (Workforce development)

៨) ការធានាគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ផលិតផលវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្ត (Product Quality Assurance)

៩) ប្រព័ន្ធព័ត៌មានសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល (Digital Health)

១០) សេវាផ្តល់ថ្នាំបង្ការប្រកបដោយគុណភាព

១១) ផែនការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់បញ្ហាសុខភាពសាធារណៈ

១២) ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង

១៣) សុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពការវះកាត់ (Patient Safety and Surgery Safety)។

បន្ថែមពីនេះ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងមានជំនួបពិភាក្សាលក្ខណៈទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងជំនួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍ជាច្រេីន ព្រមទាំងការចូលរួមព្រឹត្តិការណ៍អមជាច្រើនទៀតផងដែរ៕