កម្លាំងចម្រុះ បង្ក្រាបទីតាំង Online Scam ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ឃាត់ខ្លួនជនបរទេសជាង ១០០ នាក់

(ភ្នំពេញ)៖ បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន ២កន្លែងផ្សេងគ្នា គឺនៅអគារ A និងអគារ B ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ជាប់មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ ឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (គ.ប.ឆ.ប.)  និងដោយមានការចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, សម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤ នាក់ (ស្រី ០៧ នាក់) មាន ០៦ សញ្ជាតិផ្សេងគ្នា ក្នុងនោះរួមមានៈ ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោក Online Scams ចំនួន ៨៣ នាក់ (ជនជាតិចិន ៨២ នាក់ និងវៀតណាម ០១ នាក់) និងជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ចំនួន ២១ នាក់ (មាន ០៥ សញ្ជាតិ)។

ទន្ទឹមនឹងការឃាត់ខ្លួនជនសង្ស័យ មន្ត្រីជំនាញ បានដកហូតសម្ភារៈវត្ថុតាងសរុបរួមមានៈ កុំព្យូទ័រលើតុ ចំនួន ៧៧ គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៣៦ គ្រឿង,IPAD ចំនួន ០៥ គ្រឿង, ម៉ូនីទ័រ ចំនួន ០៤ គ្រឿង,ទូរសព្ទដៃ ចំនួន ៨០០ គ្រឿង និងធុង CPU ចំនួន ០៦ គ្រឿង។

តាមរយៈការធ្វើកោសល្យវិច្ច័យបច្ចេកទេសបឋម ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពឆបោកជនរងគ្រោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព“ការអូសទាញឱ្យវិនិយោគ” ដើម្បីបោកបញ្ឆោតយកប្រាក់ពីសាធារណជនក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕