មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលការបណ្តុះបណ្តាល ស្តីពី «បច្ចេកទេស និងវិធីសាស្ត្រផលិតបទយកការណ៍ខ្លី» ផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេស និងវិធីសាស្ត្រផលិតបទយកការណ៍ខ្លី» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុ។

​វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញមកពីការិយាល័យវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សរុបចំនួន ១៥រូប (ក្នុងនោះស្រី ៧រូប)។

​ ឯកឧត្តម អ៊ុក គឹមសេង បានផ្តល់នូវមតិណែនាំ និងចែករំលែកបទពិសោធន៍សំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីឱ្យកាន់តែមានភាពប្រកួតប្រជែង និងផលិតបាននូវព័ត៌មានដែលស៊ីចង្វាក់គ្នារវាងខ្លឹមសារ និងរូបភាព។ ឯកឧត្តមបានសង្កត់ធ្ងន់លើ «ការរៀបចំផែនការមុនពេលផលិត» ដែលជាបេះដូងនៃបទយកការណ៍ប្រកបដោយគុណភាព រួមមាន៖

​ការរៀបចំផែនការផលិតឱ្យបានហ្មត់ចត់។​ការកំណត់ប្រធានបទបទយកការណ៍ឱ្យមានភាពទាក់ទាញ។

​ការជ្រើសរើសទីតាំង និងការសិក្សាភូមិសាស្ត្រឱ្យបានច្បាស់លាស់។​ការកំណត់ចំណុចសម្គាល់បច្ចេកទេស ដើម្បីធានាបាននូវតុល្យភាពនៃសាច់រឿង។

​ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ការមានគម្រោងទុកជាមុន គឺជាត្រីវិស័យដែលជួយឱ្យយើងដឹងពីជំហាននីមួយៗ ក្នុងការផលិតអត្ថបទឱ្យមានភាពរស់រវើក និងទាក់ទាញភ្នែកអ្នកទស្សនា។ ជាមួយគ្នានោះដែរ ក្នុងអង្គពិធីក៏មានការបញ្ចាំងស្លាយបង្ហាញពីសមិទ្ធផលការងាកន្លងមក ដើម្បីរួមគ្នាពិភាក្សា រកចំណុចខ្លាំងសម្រាប់បន្ត និងចំណុចខ្វះខាតសម្រាប់កែលម្អឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ​សិក្ខាកាមបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាយក ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការងារផលិតបទយកការណ៍ឱ្យកាន់តែមានភាពច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យព័ត៌មានក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទ មន សូត្រ