ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្ដីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១១ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១(គ.យ.ប.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្ដីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធាន គ.យ.ប.; ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ; ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី; ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក គ.យ.ប. ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គ.យ.ប.។
ក្នុងកិច្ចចាប់ផ្តើម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា របាយការណ៍ឆ្នាំ២០២៥ គឺជារបាយការណ៍លើកទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលពិនិត្យលើវឌ្ឍនភាពនៃការសម្រេចបាននូវសូចនាករសមិទ្ធកម្មគន្លឹះចំនួន ៣៩ ដែលមានចរិតជាសូចនាករយុទ្ធសាស្ត្រ និងសូចនាករកែទម្រង់។ របាយការណ៍នេះមានសារៈសំខាន់ក្នុងការបូកសរុបសមិទ្ធផល កំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅអាទិភាព ព្រមទាំងវិធានការគោលនយោបាយបន្ថែម ដើម្បីពន្លឿនការអនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ សំដៅសម្រេចឱ្យបានជាសារវន្តនូវអ្វីដែលរាជរដ្ឋាភិបាលបានសន្យាជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌកម្មវិធីគោលនយោបាយរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងបរិការណ៍សកល និងតំបន់ដែលកំពុងវិវត្តយ៉ាងលឿន ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា ជាពិសេសក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ តម្រូវឱ្យការតាមដាន និងវាយតម្លៃត្រូវមានភាពម៉ត់ចត់ តុល្យភាព និងឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង។ ទោះបីអត្រាសម្រេចបាននៃសូចនាករភាគច្រើនមានកម្រិតល្អប្រសើរក៏ដោយ ក៏ត្រូវបន្តពិនិត្យឱ្យស៊ីជម្រៅលើគុណភាពនៃលទ្ធផល បញ្ហាប្រឈមនៅពីក្រោយសូចនាករ និងកម្រិតវាស់វែងនៃចំណុចដៅ ដើម្បីធានាថាការវាស់វែងមានភាពត្រឹមត្រូវ អាចប្រៀបធៀបបាន និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តគោលនយោបាយ។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើវិស័យសំខាន់ៗ រួមមាន កំណើនសេដ្ឋកិច្ច អតិផរណា ភាពក្រីក្រ គ្រោះមហន្តរាយ បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់សង្គម មុខងារសាធារណៈ ប្រព័ន្ធយុត្តិធម៌ អប់រំ សុខាភិបាល គាំពារសង្គម ការងារ វិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម កសិកម្ម និងការចាប់យកបច្ចេកវិទ្យាឌីជីថល។ អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជា កង្វះការសម្របសម្រួលនិងកិច្ចសហការរវាងក្រសួង ស្ថាប័ន កង្វះធនធានថវិកាគាំទ្រ កង្វះទិន្នន័យស្ថិតិ និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីដែលនៅមិនទាន់ឆ្លើយតបទាំងស្រុងនឹងតម្រូវការការងារ។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអនុសាសន៍ក្នុងរបាយការណ៍មានលក្ខណៈមុតស្រួច ជាក់លាក់ មានពេលវេលាកំណត់ច្បាស់លាស់ និងអាចតាមដានបាន ដោយផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន; ការជំរុញកំណើន ភាពធន់ និងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច; វិធានការឆ្លើយតបនឹងហានិភ័យអតិផរណា ការងារ ភាពក្រីក្រ និងវិសមភាពចំណូល; ការពង្រឹងគុណភាពសេវាសាធារណៈ សេវាធុរកិច្ច និងសេវាយុត្តិធម៌; ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញវត្ថុសាធារណៈ; ការកែលម្អគុណភាពអប់រំ សុខាភិបាល និងប្រព័ន្ធគាំពារសង្គម; ការគាំទ្រសហគ្រាសធុនតូច និងមធ្យម; ការកាត់បន្ថយថ្លៃដើមភស្តុភារកម្ម; ការជំរុញវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល; ការពន្លឿនឌីជីថលូបនីយកម្ម; ព្រមទាំងការពង្រឹងប្រព័ន្ធអង្កេត និងការគ្រប់គ្រងទិន្នន័យស្ថិតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ធាតុចូលប្រកបដោយស្មារតីបុរេសកម្ម និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជាដំណើរការបំពេញបន្ថែមរបាយការណ៍ឱ្យមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការរៀនសូត្រអំពីរបៀបអនុវត្តការងាររបស់ក្រសួង ស្ថាប័ន និងការពង្រឹងគណនេយ្យភាពចំពោះលទ្ធផល។ ឯកឧត្តមបានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្អាត និងបំពេញបន្ថែមរបាយការណ៍ មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។