ត្រី ខ កំប៉ុង និងទឹកត្រី នឹងត្រៀមបង្ហាញវត្តមាន នៅក្នុងខេត្តកែប ខណៈរោងចក្រ កំពុងដំណើរការសាងសង់នៅស្រុកដំណាក់ចង្អើរសម្រេចបាន៦០%

ខេត្តកែប ៖ ម៉ាកត្រី ខ និងទឹកត្រី ដែលជាផលិតក្នុងស្រុកនាពេលឆាប់ៗខាងមុខនេះដាក់ចរាចរនៅលើទីផ្សារកម្ពុជា ខណៈគម្រោងសាងសង់រោងចក្រផលិតត្រី ខ និងទឹកត្រីមួយនេះ កំពុងដំណើរការសាងសង់នៅស្រុកដំណាក់ចង្អើរសម្រេចបាន៦០%។

នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ហើយការវិនិយោគលើរោងចក្រផលិតត្រីខ និងទឹកត្រីនេះ គឺជាជំហានសំខាន់មួយក្នុងការជំរុញផលិតផល កែច្នៃក្នុងស្រុក ឱ្យកាន់តែមានសក្តានុពល និងអាចប្រកួតប្រជែងលើទីផ្សារបាន។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ស្របពេលប្រជាពលរដ្ឋខ្មែរកាន់តែគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរ និងប្រើវត្ថុធាតុដើមក្នុងស្រុក ផលិតផលត្រី ខ កំប៉ុង និងទឹកត្រីរបស់ខេត្តកែប ក៏ត្រូវបានរំពឹងថា នឹងប្រែក្លាយជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ផលិតផលក្នុងស្រុក និងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលពីប្រទេសជិតខាងផងដែរ។ លោកអភិបាលខេត្តលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនក្នុងការសាងសង់ និងពង្រីកសមត្ថភាពផលិតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនតម្លៃផលិតផលជលផលក្នុងស្រុកឱ្យបានល្អ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុង និងទឹកត្រីនេះ កាលពីខែមករា ឆ្នាំ២០២៦ ក្រោមទុនវិនិយោគប្រមាណ ៧លានដុល្លារ ដែលត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារជាង២០០កន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកែបនៅថ្ងៃខាងមុខផងដែរ៕