ឆ្នាំនេះការផលិតអំបិលនៅខេត្តកំពត-កែប មានភាពល្អប្រសើរជាងឆ្នាំមុន គិតមកដល់ពេលនេះ ក្រុមកសិករប្រមូលផលបានជិត៩ម៉ឺនតោន

ភ្នំពេញ ៖ លោកស្រី ស៊ឹម ណារី ប្រធានមន្ទីឧស្សាហកម្មវិឡាសាស្ត្របច្ចេកវិឡា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា ឆ្នាំនេះការផលិតអំបិលនៅខេត្តកំពត-កែប ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន គិតមកដល់ពេលនេះ ក្រុមកសិករផលិតអំបិលប្រមូលផលបានជិត៩ម៉ឺនតោន។ យ៉ាងណាក៏ដោយ អ្នកជំនាញបានស្នើឲ្យកសិករបន្តខិតខំផលិតអំបិលឲ្យអស់លទ្ធភាព កុំទុកដីចោល និងព្យាយាមពង្រឹងគុណភាព និងអនាម័យអំបិលឲ្យកាន់តែប្រសើរ ដើម្បីលក់បានកាន់តែថ្លៃ។

លោកស្រី ស៊ឹម ណារី បញ្ជាក់ថា ឆ្នាំនេះ ផ្ទៃដីផលិតអំបិលមានចំនួនជាង ២.៨០០ ហិកតា ដែលមានក្រុមផលិតចំនួន ១៤១ក្រុមប៉ុណ្ណោះ ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបជាង ៣.៣៨៩ហិកតា និងក្រុមផលិតទាំងអស់១៧១ក្រុម គិតមកដល់ពេលនេះ ការប្រមូលផលអំបិលជាង៨ម៉ឺនតោន។ អំបិលខេត្តកំពត-កែប ជាកសិផលធម្មជាតិកម្រមួយដែលមានគុណភាពល្អជាងគេទាំងនៅក្នុងតំបន់ និងលើពិភពលោក ដោយសារការផលិតត្រូវពឹងផ្អែកទៅលើកំដៅព្រះអាទិត្យ និងទឹកសមុទ្រទាំងស្រុង។ ទិន្នផលអំបិលមិនទៀងទាត់ទេ គឺប្រែប្រួលទៅតាមអាកាសធាតុ ជាក់ស្តែងឆ្នាំ២០២៦ ការប្រមូលផលអំបិលគិតមកដល់ពេលនេះ បានជិត៩ម៉ឺនតោន ខណៈតម្លៃក៏បានល្អប្រសើរដែរ។

ប្រធានមន្ទីឧស្សាហកម្មវិឡាសាស្ត្របច្ចេកវិឡា និងនវានុវត្តន៍រូបនេះ ក៏បានស្នើឲ្យកសិករក្រុមអ្នកផលិតអំបិលទាំងអស់ សូមបន្តខិតខំផលិតអំបិលឲ្យបានច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងនាំចេញទៅក្រៅប្រទេស ពិសេសត្រូវពង្រឹងគុណភាព និងអនាម័យឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់សុខភាពអ្នកប្រើប្រាស់៕