ផ្លូវថ្មើរជើងថ្មី “ Walk Street “ ! ជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅទីលានតេជោ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍមិន ឈប់ឈររបស់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ “ផ្លូវថ្មើរជើង” (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។

គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្ដោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖

• ផ្លូវថ្មើរជើងស្តង់ដារ ការស្ថាបនាផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ និងប្រវែងសរុបដល់ទៅ ១,២២៥ម៉ែត្រ។

• ការងារតុបតែង គឺការរៀបការ៉ូឡាបន្ថែមដើម្បីបង្កើនភាពស្រស់ស្អាត និងផាសុកភាពសម្រាប់ការដើរកម្សាន្ត។

• តំបន់សេវាកម្មមានការរៀបចំឱ្យមានហាងកាហ្វេទំនើប រទេះរុញលក់ចំណីអាហារ (Street Food) និងតូបលក់វត្ថុអនុស្សាវរីយ៍ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។

• ការលម្អ និងសុវត្ថិភាព គឺជាការដាំដើមដូងបន្ថែមដើម្បីផ្តល់ជាម្លប់ និងសោភ័ណភាពតំបន់ឆ្នេរ រួមជាមួយការបំពាក់បង្គោលភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់សម្រាប់សុវត្ថិភាពនាពេលរាត្រី។

ការបង្កើត Walk Street នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់ជម្រើសកម្សាន្តថ្មីៗសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកលម្អិតនៅខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍមិនឈប់ឈររបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តក្នុងការប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរចុះត្រួតពិនិត្យតាមបណ្តោយឆ្នេរសមុទ្រផងដែរនិងបានផ្តល់ការណែនាំដល់មន្ត្រីក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ចៀសការរំលោភយកចំណីឆ្នេរធ្វើជាកម្មសិទ្ធិ ឬការលក់ដូរដែលគ្មានរបៀប រៀបរយ អនាម័យបរិស្ថាន ការគ្រប់គ្រងសម្រាម និងការថែរក្សាឆ្នេរខ្សាច់ឱ្យបានសស្អាតជានិច្ច សុវត្ថិភាពភ្ញៀវទេសចរ ការពង្រឹងសន្តិសុខនៅតាមតំបន់កម្សាន្ត ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកមកលេងកម្សាន្ត។

រូបភាព ៖រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ស្រីមុំ