ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តក្រចេះ
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញអបអរសាខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តក្រចេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៧០០នាក់។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់អគារទីស្នាក់សម្រាប់មន្រ្តីបម្រើ និងផ្តល់សេវាជូនសមាជិកដែលមានតម្រូវការ ឬបញ្ហាប្រឈម។ ទីស្នាក់ការសមាគមខេត្តនេះ នឹងក្លាយជាទីកន្លែងមួយបង្កលក្ខណៈងាយស្រួលសម្រាប់ទទួលការដោះស្រាយរាល់សំណើ និងសំណូមពររបស់សមាជិក។
បន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត មានមតិស្វាគមន៍ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមបណ្តារាជធានី-ខេត្ត, ក្រុង-ស្រុក និងសាខាសមាគមឃុំ-សង្កាត់ កាលពីកន្លងទៅ គឺដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។
ឯកឧត្តម គន់ គីម បញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន ទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសមាគម បានសម្រេចរៀបចំប្រព័ន្ធគ្រប់គ្រងទិន្ន័យអតីតយុទ្ធជន និងនិវត្តជនដែលនឹងត្រូវដាក់ពាក្យចូលជាសមាជិក ឬសំណើផ្សេងៗដែលនឹងសម្រួលការងារបម្រើជូនសមាជិកទាំងអស់របស់សមាគម។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកនេះ មានអត្ថប្រយោជន៍ក្នុងការអនុវត្តផែនការសកម្មភាពការងារ ដូចជា ការកំណត់អត្តសញ្ញាណសមាជិក និងក្រុមគ្រួសារក្នុងបន្ទុក កំណត់បែងចែងចំពោះសមាជិកដែលជួបការលំបាកដើម្បីទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច កំណត់សមាជិកដែលទទួលបានប័ណ្ណសមធម៌ និងបន្តផ្តល់ប័ណ្ណសមធម៌ដល់សមាជិកដែលពុំទាន់ទទួលបាន ព្រមទាំងកំណត់ពីចំនួនសមាជិកមរណភាពដែលទទួលបានប្រាក់បេឡាមរណសង្គ្រោះ។
ឯកឧត្តម គន់ គីម បន្តថា ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ គឺជាផ្នែកមួយស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់ កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១សមាគម ដោយកំណត់អាទិភាពលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕



