មន្ទីរពេទ្យព្រះអង្គឌួងបើក វគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅ
មន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយមូលនិធិ Fred Hollowបានបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និង ស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ពន្ធ័មេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួងឱ្យកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦នៅមន្ទីរពេទ្យព្រះអង្គឌួងក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងនិងលោក បាក់ តុក្យូ នាយកប្រចាំប្រទេស នៃ មូលនិធិ Fred Hollow កម្ពុជា។
លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះ បង្កើតឡើង ក្នុងគោល បំណង ដើម្បីពង្រឹងគុណភាព និង ពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និង ស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ពន្ធ័មេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ក្នុងនោះមានសិក្ខាកាមមកពីតាមបណ្តាខេត្ត ចំនួន ១១ នាក់បានបញ្ចប់ការសិក្សាដែលអញ្ជើញមកពី ខេត្ត កែប១ នាក់កំពត ៤ នាក់ តាកែវ ៥ នាក់និង កំពង់ចាម ១ នាក់។ ចំណែកវគ្គថ្មីមានចំនួន ១៤នាក់ មកពី ខេត្តកំពង់ចាម៤ នាក់ កំពត ២ នាក់ ពោធិសាត់ ២ នាក់ កណ្តាល ១ នាក់ បាត់ដំបង ១ នាក់ ព្រៃវែង ១ នាក់បន្ទាយមានជ័យ ២ នាក់និងកោះកុង ១ នាក់។
លោកសាស្ត្រាចារ្យបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយះពេល ៣ ខែ ដែល ការបណ្តុះបណ្តាលផ្តោត សំខាន់លើ ការពិនិត្យ និង ព្យាបាល ជំងឺភ្នែកបឋម ក៍ ដូចជាការសង្គ្រោះ និង បញ្ជូនទាន់ពេលវេលា ដែលរួមបញ្ចូលទាំង ទ្រឹស្តី និង ការអនុវត្តផ្ទាល់ទៅតាមកម្មវិធីសិក្សាស្នូលសម្រាប់បណ្តុះបណ្តាលគ្រូ ពេទ្យទូទៅផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកសាស្ត្រាចារ្យបានបន្តទៀតថាវគ្គបណ្តុះបណ្តាល នេះ គាំទ្រដោយមូលនិធី Fred Hollow កម្ពុជា ដែលជាអង្គការមួយជួយដល់វិស័យចក្ខុរោគធំធេងណាស់ តាំងពីដើមរហូតមកទាំងការបណ្តុះបណ្តាលបច្ចេកទេស ឧបករណ៍សម្ភារៈវរគាត់ ការព្យាលនិងវះកាត់ដើម្បីទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជាបានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្នហើយបានធ្វើឲ្យវិស័យ ចក្ខុរោគនៅកម្ពុជាមានការីកចំរើនដើម្បីទប់ស្កាត់ភាពពិការភ្នែកបានយ៉ាងទូលំទូលាយ ហើយបន្តគ្រប ដណ្តប់ទូទាំងប្រទេស។
លោក បាក់ តុក្យូ នាយកប្រចាំប្រទេស នៃ មូលនិធិ Fred Hollow កម្ពុជាបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ខ្លាំងក្នុងការផ្តល់ជំនាញផ្នែកចក្ខុរោគនេះដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និង ស្រុកឱ្យទទួលបានជំនាញផ្នែកចក្ខុរោគនេះ។ លោកបានប្តេជ្ញាថាមូលនិធិ Fred Hollowនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យព្រះអង្គឌួងជាបន្តទៀតក្នុងការបណ្តុះបណ្តាលដល់គ្រូពេទ្យផ្នែកចក្ខុរោគនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះហើយពេលរៀនចប់វិលត្រឡប់ទៅកន្លែងធ្វើការរបស់ខ្លួនវិញត្រូវយកចំណេះជំនាញដែលបានមកពីការសិក្សានៅក្នុងវគ្គនេះទៅបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពនិងចូលរួមអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួនឱ្យកាន់តែប្រសើរនិងរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យ រង បានថ្លែងអំណគុណដល់មូលនិធិ Fred Hollowដែលតែងតែបានជួយដល់មន្ទីរបេទ្យព្រះអង្គឌួងជារៀងរហូតមកពិសេសបានជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងឧបករណ៍សម្រាប់ដំណើរការបណ្តុះបណ្តាលវគ្គសិក្សានេះ ដោយរលូនហើយសង្ឃឹមថាមូលនិធិ Fred Hollowនឹងបន្តជួយដល់មន្ទីរពេទ្យព្រះអង្គឌួងក្នុងការបើកបណ្តុះបណ្តាលផ្នែកចក្ខុរោគដល់គ្រូពេទ្យយើងជាបន្តបន្ទាប់ទៀត៕



