ខេត្តព្រះសីហនុ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមថ្មី
ខេត្តព្រះសីហនុ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីអបអរសាទរខួបលើកទី១៩ នៃទិវាអតីតយុទ្ធជនកម្ពុជា ១២ ឧសភា ២០២៦ អមជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងវិវត្តជនកម្ពុជាខេត្តព្រះសីហនុ។ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនបងប្អូនអតីតយុទ្ធជនទូទាំងប្រទេស។ សារលិខិតបានគូសបញ្ជាក់ពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព និងការឯកភាពជាតិ។
ដើម្បីពង្រឹងយន្តការការងារនៅមូលដ្ឋាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងវិវត្តជនកម្ពុជា ប្រចាំតាមបណ្តាឃុំ-សង្កាត់នានា ទូទាំងខេត្តព្រះសីហនុ។
ការសម្ពោធទីស្នាក់ការសមាគមថ្មីនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការផ្តល់នូវទីកន្លែងបំពេញការងារដ៏សមរម្យ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ទៅកាន់អង្គពិធី បានលើកសរសើរចំពោះស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនគ្រប់រូប។ ឯកឧត្តមបានបញ្ជាក់ថា អតីតយុទ្ធជនគឺជា “គ្រឹះដ៏រឹងមាំនៃសន្តិភាព” និងបានផ្តាំផ្អើលដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យមើលជីវភាពរស់នៅ សុខុមាលភាព និងជួយសម្រួលដល់ការទទួលបានសេវាផ្សេងៗជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

រូបភាព៖ លោក វុន សុខជា
អត្ថបទ៖ កញ្ញា មឿន ស្រីមុំ


