ឱកាសក្លាយជាម្ចាស់រថយន្ត និងផ្ទះល្វែង៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បន្តផ្តល់រង្វាន់ធំជូនអ្នកដំណើរ និងអ្នកទស្សនា
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះរង្វាន់ កាលពីព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ីនវេសមិន ឯ.ក (CAIC)។
នេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកដែលធ្វើដំណើរ ឬគ្រាន់តែទៅកម្សាន្តនៅព្រលានយន្តហោះថ្មីដ៏ស្កឹមស្កៃនេះ មិនត្រឹមតែបានទទួលបទពិសោធន៍កម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាម្ចាស់រង្វាន់ធំត្រឡប់ទៅផ្ទះវិញផងដែរ។
ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្តល់ភាពសប្បាយរីករាយ និងជាការតបស្នងដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកគាំទ្រ និងប្រើប្រាស់សេវាកម្មនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។
ក្នុងឱកាសនោះ លោកស្រី កាំង វួចសៀង នាយកនៃនាយកដ្ឋានពាណិជ្ជកម្ម បានអោយដឹងថា កម្មវិធីផ្សងសំណាងនេះនៅតែបន្តផ្តល់ឱកាសមាសដល់អ្នកដំណើរ និងអ្នកដែលមកទស្សនាព្រលានយន្តហោះផ្ទាល់។
ដើម្បីមានឱកាសឈ្នះរង្វាន់ធំៗ រួមមាន រថយន្តទំនើប ផ្ទះល្វែង ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀត អតិថិជនគ្រាន់តែចំណាយចាប់ពី ៣០ដុល្លារឡើងទៅរាល់ការទិញទំនិញក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយហាងទំនិញទាំងនោះនឹងផ្តល់ប័ណ្ណផ្សងសំណាង ដើម្បីបំពេញឈ្មោះ អាសយដ្ឋាន និងលេខអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។
បន្ទាប់ពីការចាប់រង្វាន់លើកទី១ បានបញ្ចប់ទៅដោយជោគជ័យកាលពីអំឡុងពេលចូលឆ្នាំខ្មែរ កន្លងទៅនេះ ការចាប់រង្វាន់ លើកទី២ ដែលជាវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសគម្រប់ខួប ១ឆ្នាំ នៃដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។



