ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតិឱ្យ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម Steven Pang Chee Wee ដែលទើបតែងតាំងថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ពិសេសកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម និងប្រព័ន្ធចម្រោះទឹកកខ្វក់។



