សង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ បានអូសយកលីបង់មកបំផ្លាញថាជាជម្រករបស់ក្រុម Hezbollah បានធ្វើឱ្យមនុស្សស្លាប់កើនដល់២៥៧៦នាក់ របួសជិត៨០០០នាក់

យោធាអ៊ីស្រាអែលបានចេញផ្សាយរូបភាពវីដេអូកាលពីថ្ងៃពុធម្សិលមិញនេះ ដែលខ្លួនអះអាងថាបានវាយប្រហារចំគោលដៅលើទីតាំងរបស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់បន្ថែមទៀត។ កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា កងទ័ពដែនអាកាសរបស់ខ្លួនបានវាយប្រហារលើទីតាំងដែលក្រុម Hezbollah ប្រហែល ២០ ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងមានឃ្លាំងស្តុកអាវុធ ទីស្នាក់ការកណ្តាល និងអគារដែលប្រើប្រាស់ “សម្រាប់គោលបំណងយោធាផងដែរ”។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថាមកដល់ពេលនេះមានមនុស្សចំនួន ២៥៧៦នាក់ត្រូវសម្លាប់ និងជិត៨០០០នាក់រងរបួស នៅក្នុងប្រទេសលីបង់ចាប់តាំងពីជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល លើរដ្ឋអ៊ីរ៉ង់បានចាប់ផ្តើមជិតពីរខែមកនេះ ដោយសារអ៊ីស្រាអែលសំយោគថា ក្រុម Hezbollah ជាក្រុមសកម្មប្រយុទ្ធរបស់អ៊ីរ៉ង់ និងយកប្រទេសលីបង់ជាជម្រក និងអភិវឌ្ឃន៍អាវុធពួកគេដែរ។ យោធាអ៊ីស្រាអែលបានប៉ាន់ប្រមាណទៀតថា យ៉ាងហោចណាស់មានយុទ្ធជន ១៨០០នាក់មកពីក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវពួកគេសម្លាប់បានជោគជ័យ។ បទឈប់បាញ់ជាផ្លូវការត្រូវបានអនុវត្តរវាង Hezbollah និងអ៊ីស្រាអែល រយៈពេល៣សប្តាហ៍ទៀត ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែងគឺភាគីទាំងពីរនៅតែវាយប្រហារគ្នាស្ទើរតែរាល់ថ្ងៃដដែល ដោយប្រទេសលីបង់មិនមែនជាភាគីនៃជម្លោះជាផ្លូវការរវាងពួកគេនោះឡើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ