ក្រសួងសេដ្ឋកិច្ច និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ជួបពិភាក្សាគ្នា វាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់   ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្មនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (ASEAN+3 Macro-economic Research Office – AMRO) ដែលដឹកនាំដោយលោក យ៉ាស៊ូតូ វ៉ាន់តាណាបេ (Yasuto Wantanabe)ប្រធាន AMRO ក្នុងអំឡុងពេលមករៀបចំទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥  (AMRO Annual Consultation Visit) នៅកម្ពុជា ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារ AMRO, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបេសកកម្មប្រចាំឆ្នាំរបស់ AMRO ក្នុងការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និងផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក យ៉ាស៊ូតូ វ៉ាន់តាណាបេ (Yasuto Wantanabe) បានថ្លែងអំណរគុណចំពោះការ-សហការរបស់កម្ពុជា និងបានកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តខិតខំគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងតំបន់ មានភាពមិនប្រាកដប្រជាខ្ពស់ និងប្រឈមនឹងវិបត្តិជាបន្តបន្ទាប់ ។ តាមរយៈការវាយតម្លៃរបស់ AMRO, នៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជា សម្រេចបានចលនការកំណើនរឹងមាំ ទោះបីទទួលរងសម្ពាធពីការអនុវត្តពន្ធគយបដិការ និងជម្លោះនៅតាមតំបន់ព្រំដែន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិជ្ជមាននៃការនាំចេញ, ស្ថិរភាពនៃរំហូវិនិយោគពីបរទេស និងការអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ផលប៉ះពាល់, ជំរុញផលិតកម្ម និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច ។ យ៉ាងណាមិញ, សម្រាប់ឆ្នាំ ២០២៦ និងរយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១. ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងឧស្ម័នព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលដោយសារកម្មវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា, ២. ការកើនឡើងនូវគោលនយោបាយគាំពារនិយម, ៣ . ភាពងាយរងគ្រោះនៃវិស័យធនាគារ ដោយសារការបន្តកើនឡើងនៃឥណទានមិនដំណើរការ (Non-performing Loans), ៤. ភាពមិនប្រាកដប្រជាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, និង ៥. ការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងក្នុងការនាំចេញ ។

ក្រុមបេសកកម្ម AMRO បានផ្តល់នូវអនុសាសន៍គោលនយោបាយដើម្បីពង្រឹងភាពធន់ និងជំរុញកំណើន សម្រាប់ រយៈពេលមធ្យមខាងមុខរួមមាន៖ ១. បន្តអនុវត្តគោលនយោបាយសារពើពន្ធដែលមានភាពបត់បែន និងចំគោលដៅ ដើម្បីទប់ស្តាត់ផលប៉ះពាល់ ហើយក្នុងរយៈពេលមធ្យមត្រូវបន្តស្តារឡើងវិញនូវកម្រិតបម្រុងសារពើពន្ធជាការងារអាទិភាព, ២. បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច និងមានប្រុងប្រយ័ត្នខ្ពស់នឹងអតិផរណា និងហានិភ័យហិរញ្ញវត្ថ និង ៣. បន្តអនុវត្តគោលនយោបាយកែទម្រង់ ដើម្បីលើកកម្ពស់សន្តិសុខថាមពល និងស្បៀងអាហារ, ពិពិធកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញដែលមានតម្លៃបន្ថែមខ្ពស់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើនិន្នាការកំណើនសេដ្ឋកិច្ចរួម និងតាមវិស័យសំខាន់ៗ មានភាពសមស្របគ្នាទៅនឹងការវាយតម្លៃរបស់ AMRO ជាពិសេសហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ។ កម្ពុជា ប្រកាន់នូវ«ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈអព្យាក្រឹត (Neutral Fiscal Stance)» សម្រាប់រយៈពេលមធ្យមខាងមុខ ក្នុងគោលដៅរក្សាតុល្យភាពរវាងការ រក្សា លំនឹង ជីវភាពប្រជាជន, ការស្ដារឡើងវិញសេដ្ឋកិច្ច និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ ។ ឆ្លើយ តប នឹង បញ្ហា ប្រឈម ចំពោះមុខ, រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តនូវវិធានការកាត់បន្ថយផលប៉ះពាល់ ដូចជាការកាត់បន្ថយពន្ធលើផលិតផលប្រេង, ការដាក់ចេញវិធានការសន្សំសំចៃលើការប្រើប្រាស់ថាមពល, ការបន្តគាំពារដល់ជនភៀសសឹក និងពលករទេសន្តរប្រវេសន៍ និងការធ្វើពិពិធកម្មថាមពល ព្រមទាំងបានគិតគូរនិងដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចផង និងពង្រឹងភាពធន់នៃរចនាសម្ព័ន្ធក្នុងរយៈពេលមធ្យមទៅវែងថែមទៀត ។

ជាកិច្ចបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀត ចំពោះក្រុមបេសកកម្មនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់កម្ពុជាក្នុងការបន្តដំណើរលើមាគ៌ានៃកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព ក្នុងរយៈពេលមធ្យមនិងរយៈពេលវែង ។