រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦» អ្នកសារព័ត៌មាន ៨០,៨% វាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ,
តាមរបាយការណ៍បានបញ្ជាក់ថា ៨០,៨% ក្នុងចំណោមអ្នកស្ទង់មតិចំនួន ៥៧០នាក់ ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស ដែលត្រូវបានសម្ភាសនិយាយថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។
លទ្ធផលនេះគឺការស្ទង់មតិលើកទី៣ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ហើយលទ្ធផលនេះត្រូវបានធ្វើការផ្សព្វផ្សាយជាផ្លូវការ ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង មានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយ សមាគមអ្នកសារព័ត៌មាននៅកម្ពុជាជាច្រើន។
របាយការណ៍ស្តីពីសា្ថនភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ជារបាយការណ៍ដែលត្រូវបានរៀបចំឡើងដោយ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយផ្អែកលើទិន្នន័យដែលក្រសួងព័ត៌មានគ្រប់គ្រង និងការវាស់វែងពីស្ថានភាពរបស់អ្នកសារព័ត៌មានដែលប្រតិបត្តិការជាក់ស្តែងនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ។
របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន ស្របពេលដែលកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល និងខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានពូនជ្រុំរាល់សមិទ្ធផល និង ស្នាដៃដឹកនាំក្នុងអាណត្តិមុនៗសម្រាប់វិស័យព័ត៌មានរបស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ គឺនៅក្នុងបរិការណ៍នេះហើយ ដែលក្រសួងព័ត៌មានបានរៀបចំរបាយការណ៍ដ៏សំខាន់នេះឡើង ក្នុងគោលបំណងផ្តល់ព័ត៌មានស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដើម្បីផ្តល់ជាមូលដ្ឋានស្នូលសម្រាប់ការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន។
ផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការសិក្សា ស្រាវជ្រាវបានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ មានមនុស្សចំនួន ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលក្នុងនោះ ៩៣% បានវាយតម្លៃថា ការយកវិជ្ជាជីវៈសារព័ត៌មានទៅកំហែងទារប្រាក់ ឬគំរាមកំហែងនរណាម្នាក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើដែលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន, ៩៧,៥% បានឆ្លើយថាការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះ ៧៨,៩% ឆ្លើយថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈមាន «សារៈសំខាន់ខ្លាំងណាស់»។
ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៨៥,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ខណៈអ្នកចូលរួមចំនួនជាង ៩៦% បានទទួលស្គាល់ថា ការមានប្រព័ន្ធផ្សព្វផ្សាយសំបូរបែប បានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
ហើយមនុស្សចំនួ ៩៧% បានឯកភាពថា ការអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈដោយឯករាជ្យក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវដោយទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺជាសិទ្ធិ និងករណីកិច្ចរបស់អ្នកសារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថាក្នុងចំណោមអ្នកស្ទង់មតិចំនួន ៥៧០នាក់ ចំពោះកម្រិតវប្បធម៌វិញអ្នកស្ទង់មតិ ៥៦,៣% នៃចំនួនអ្នកចូលរួមស្ទង់មតិសរុប បានសិក្សាចប់ត្រឹមថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ ខណៈចំនួនអ្នកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រមានចំនួន ៣២% និងប្រមាណ ៧% បានរៀនចប់ថ្នាក់ក្រោយថ្នាក់ឧត្តមសិក្សា។ ដោយឡែកចំនួនអ្នកចូលរួម ៤% បានទទួលការអប់រំត្រឹមកម្រិតបឋមសិក្សា។ យ៉ាងណាក៏ដោយ ការស្ទង់មតិបានរកឃើញថាអ្នកទាំងនេះមានបទពិសោធការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ជាមធ្យមចំនួន ១១ឆ្នាំ ខណៈអ្នកដែលបានប្រឡូកក្នុងវិស័យសារព័ត៌មាននេះជាងគេ គឺរហូតដល់រយៈពេល ៤០ឆ្នាំ៕



