សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និងឯកឧត្តមបណ្ឌិត ចាយ បូរិន យាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីបិទវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃ ជំនាន់ទី២ វគ្គ១ នៅវត្តសុវណ្ណមុនីសាគរ (សំរោងអណ្តែត)។

(រាជធានីភ្នំពេញ )៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦​ សម្ដេចព្រះមហាសុមេធាធិបតី  កិត្តិបណ្ឌិត អំ លីមហេង  សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានយាងនិងអញ្ជើញ​ជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីបិទវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃ ជំនាន់ទី២ វគ្គ១ ស្តីពី«ការពង្រឹងអភិបាលកិច្ចសង្ឃ» ដែលរៀបចំឡើងដោយគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តសុវណ្ណមុនីសាគរ (សំរោងអណ្តែត) ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពិធីនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ  ព្រះមន្ត្រីសង្ឃ និងព្រះសិក្ខាកាម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាថា្នក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃ របស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ​និងព្រះរាជសង្កថារបស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង បានបង្ហាញថា ការរៀបចំវគ្គសង្ឃាភិបាលបណ្តុះបណ្តាលមន្ត្រីសង្ឃជំនាន់ទី២ វគ្គ១ នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពជាក់លាក់ដល់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តភារកិច្ចការងាររដ្ឋបាល និងការគ្រប់គ្រងកិច្ចការសង្ឃ ទាំងផ្នែកធម៌ វិន័យ និងរដ្ឋបាលសម័យថ្មី ដើម្បីលើកកម្ពស់គុណវុឌ្ឍិ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព នៃអភិបាលកិច្ចសង្ឃ សមស្របទៅនឹងបរិបទសង្គមសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ធានា​បាន​នូវ​អភិបាលកិច្ច និងការដឹកនាំស្ថាប័នសង្ឃ ​វត្តអារាម ឱ្យមានប្រសិទ្ធភាព ប្រព័ន្ធភាព ព្រមទាំងភាពសមស្របនឹងការអភិវឌ្ឍសង្គមជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសម្តេចជាអម្ចាស់ សម្តេច និងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ​ព្រះឧទ្ទេសាចារ្យ ​គ្រូឧទ្ទេស​ ព្រមទាំងភាគីពាក់ព័ន្ធ​ ដែលបាន​ធ្វើបទបង្ហាញ ផ្តល់នូវ​ចំណេះដឹង​​បន្ថែម​ដល់ព្រះ​សិក្ខាកាម និងបានសហការឧបត្ថម្ភរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងព្រះសមត្ថភាព ចំណេះ ជំនាញ បទពិសោធ និងជំរុញការអនុវត្ដព្រះករណីយកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព របស់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងការអនុវត្តលិខិត​បទដ្ឋាន គោលការណ៍ណែនាំនានា សង្ឃប្រកាសពាក់ព័ន្ធ នឹងការដឹកនាំ ការគ្រប់គ្រងកិច្ចការពុទ្ធសាសនារបស់​គណៈសង្ឃ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍សង្កត់ធ្ងន់ថា មនុញ្ញផលដែល​កើតចេញ​ពីវគ្គ​បណ្តុះបណ្តាល​នេះ និងជួយជំរុញដំណើរការអភិវឌ្ឍវិស័យ​ពុទ្ធិកសិក្សា សាសនូបត្ថម្ភក៍ សាសនផ្សព្វផ្សាយ សាធារណូបការ និងកិច្ចការសាធារណសង្គ្រោះ ក្នុងវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យរិតតែមានភាពរីកចម្រើនជាភិយ្យោភាព។​

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនាធានាបាននូវនិរន្តរភាព ក្រសួងធម្មការនិងសាសនា រួមជាមួយនឹងគណៈសង្ឃនាយក បានដាក់ចេញនូវយន្តការជាច្រើន សំដៅដឹកនាំនិងគ្រប់គ្រងវិស័យព្រះពុទ្ធសាសនាខ្មែរឱ្យមានការរីកចម្រើននិងរឹងមាំ ក្នុងនោះក៏មាន អភិក្រម ប ៥  រួមមាន៖

ប-ទី១ បព្វជ្ជា គឺការពង្រឹងយន្តការនៃការបំបួសរបស់ព្រះឧបជ្ឈាយ៍ និងការចូលមកបព្វជ្ជារបស់កុលបុត្រទាំងឡាយនៅក្នុងព្រះពុទ្ធសាសនា ធ្វើយ៉ាងណាឱ្យសង្គតិភាពទៅនឹងពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ដើម្បីរក្សាការពារព្រះពុទ្ធសាសនាមិនឱ្យធ្លាក់ទៅរកឱនភាព។ ប-ទី២ បរិយត្តិ គឺការពង្រឹងការសិក្សារៀនសូធ្យ និងការប្រតិបត្តិនូវ គន្ថធុរៈ គឺការសិក្សាស្វែងយល់នូវព្រះពុទ្ធដីការ និងវិបស្សនាធុរៈ គឺការធ្វើឱ្យជាក់ច្បាស់នូវព្រះពុទ្ធដីការទាំងនោះតាមរយៈការប្រតិបត្តិ។ ក្រៅពីនេះ ក៏ត្រូវចាំបាច់សិក្សានូវលោកបរិយត្តិផងដែរ មានដូចជាច្បាប់ប្រទេស លិខិតបទដ្ឋាន សារាចរណែនាំ សង្ឃប្រកាសនានា គោលការណ៍ណែនាំ និងសុវិជ្ជាផ្សេងៗទៀត ដូចជាការសិក្សាបច្ចេកវិទ្យាជាដើម។  ប-ទី៣ បដិបត្តិ គឺការពង្រឹងការប្រតិបត្តិធម៌វិន័យ និងការពង្រឹងការអនុវត្តតាមច្បាប់ លិខិតបទដ្ឋាន សង្ឃប្រកាស សារាចរណែនាំ ព្រមទាំងគោលការណ៍ណែនាំនានា ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់សកម្មភាពអសកម្មនិងអធិករណ៍នៅក្នុងព្រះពុទ្ធសាសនាឱ្យបានជាអតិបរមា។ ប-ទី៤ បដិវេធៈ គឺការបង្កើតឱ្យមានយន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ទៅលើការអនុវត្ត ដើម្បីធានាឱ្យបានលទ្ធផលតាមការរំពឹងទុក ​បើ​មានភាពខ្វះខាត ឬខ្វះចន្លោះត្រង់ចំណុចណា ត្រូវកែតម្រូវឱ្យបានល្អទាន់ពេលវេលា។ ប-ទី៥ បព្វាជនីយកម្ម គឺការអនុវត្តទោស ក្នុងករណីរកឃើញមានភាពអសកម្មណាមួយដែលកើតចេញពីការមិនអនុវត្តតាមព្រះវិន័យ ច្បាប់រដ្ឋ លិខិតបទដ្ឋាន សារាចរណែនាំ  សង្ឃប្រកាសនានា និងតួនាទីភារកិច្ច ដែលបានកំណត់រួចហើយនោះ ព្រះមន្ត្រីសង្ឃ ដែលមានតួនាទីដឹកនាំគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការវះកាត់តាមរយៈ ១.ដាស់តឿន ២.ដកតួនាទី ៣.ដាក់ទណ្ឌកម្ម ៤.ដេញចោល ឬផ្សឹកចោល។ ការអនុវត្តវិធានការនេះ គឺមិនត្រឹមតែលុបបំបាត់នូវភាពអសកម្ម និងទប់ស្កាត់អលជ្ជីបុគ្គល ប៉ុណ្ណោះទេ  ប៉ុន្តែដើម្បី​ធានាបាននូវប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និងអភិបាលកិច្ចសង្ឃ ធ្វើឱ្យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្វាយ ប្រគេននូវទស្សនទានមួយចំនួនរួមមាន៖

១. ព្រះធម៌វិន័យ គឺជាគ្រឹះដំបូង និងសំខាន់បំផុតសម្រាប់ការតាំងនៅស្ថិតស្ថេររបស់ព្រះពុទ្ធសាសនា ដូច្នេះនៅក្នុងអង្គប្រកបនៃការកសាងអភិបាលកិច្ចសង្ឃ ពិតជាមិនអាចកាត់ផ្តាច់ពី «ព្រះធម៌ វិន័យ» បានឡើយ។ ការណ៍នេះ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវយកព្រះទ័យទុកដាក់គោរពឱ្យបាន​ម៉ឺងម៉ាត់នូវពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិ

 ២. នៅក្នុងយុគសម័យដែលព័ត៌មានរីករាលដាលលឿន សកម្មភាពមិនសមរម្យរបស់ភិក្ខុ-សាមណេរតែមួយអង្គ អាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាទាំងមូល។ ដូច្នេះ ការពង្រឹងអភិបាលកិច្ចសង្ឃ តាមរយៈការត្រួតពិនិត្យ និងការអប់រំទូន្មានតាមគន្លងព្រះវិន័យ គឺជាកិច្ចការអាទិភាព និងបន្ទាន់បំផុត។

 ៣. សម្រាប់ការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិវត្តអារាម៖ ដើម្បីធានាបាននូវអភិបាលកិច្ចល្អ ទាមទារឱ្យមានតម្លាភាពក្នុងការគ្រប់គ្រងបច្ច័យ និងទ្រព្យសម្បត្តិសាសនា ដោយត្រូវរៀបចំបញ្ជីសារពើភណ្ឌដីធ្លី និងថវិកាវត្តឱ្យមានរបៀបរៀបរយ ដើម្បីបញ្ជៀសកុំឱ្យកើតមាន​វិវាទ។

 ៤. ក្នុងសម័យឌីជីថល អភិបាលកិច្ចសង្ឃត្រូវបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយព្រះធម៌ និងការអប់រំ។ ដូច្នេះត្រូវបណ្តុះបណ្តាលព្រះសង្ឃឱ្យមានចំណេះជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងមតិអវិជ្ជមាន និងត្រូវចេះប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីអប់រំដល់ពុទ្ធបរិស័ទ​។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ​បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ​ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោក​ជំទាវ គ្រូឧទ្ទេស លោក លោកស្រី លោកយាយ លោកតា និងអង្គពិធីទាំងមូល សូមបានសមប្រកបដោយពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីប្រែក្លាយទៅជាប្រការដទៃឡើយ៕