កម្ពុជាទទួលស្វាគមន៍នាវាទេសចរណ៍ខ្នាតយក្ស Viking Orion នាំភ្ញៀវជាង ១២០០នាក់ មកកម្សាន្តនៅខេត្តព្រះសីហនុ
វិស័យទេសចរណ៍ផ្លូវទឹករបស់កម្ពុជាបានបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់ ជាពិសេសនាវាឈ្មោះ Viking Orion សញ្ជាតិ Norway នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នាវាViking Orion ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក សាមុត សុធារិទ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក-លោកស្រី ថ្នាក់ដឹកនាំក្រុង-ស្រុក លោក-លោកស្រី ប្រធាន-អនុប្រធាន មន្ទីរជំនាញជុំវិញខេត្តជាច្រើនរូបទៀត។ក្នុងពិធីបដិសណ្ឋារកិច្ច ភ្ញៀវទេសចរត្រូវបានផ្តល់ជូននូវវត្ថុអានុស្សាវរីយ៍ ជាក្រមាដែលជាវត្ថុអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបានសម្តែងរបាំជូនពរ ជូនភ្ញៀវកំសាន្តដើម្បីបង្ហាញថាប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌យ៉ាងសម្បូរហ៍បែបជារបស់ខ្លួន។
នាវាទេសចរណ៍នេះបានចាកចេញពីប្រទេសថៃ មុននឹងមកដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា និងបន្តចេញទៅប្រទេសវៀតណាមនាថ្ងៃបន្ទាប់។ វត្តមានរបស់នាវានេះ គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុនទេសចរណ៍អន្តរជាតិមកលើសន្តិសុខ សុវត្ថិភាពនិងសក្ដានុពលទេសចរណ៍របស់កម្ពុជា។ក្នុងអំឡុងពេលស្នាក់នៅរយៈពេល ២ ថ្ងៃ ភ្ញៀវទេសចរបរទេសទាំងអស់នឹងបានធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ ដូចជា៖តាមបណ្ដាឆ្នេរសមុទ្រ វិមានឯករាជ្យ កោះរាជបុត្រ វត្តលើ វត្តក្រោម ផ្សារលើ វត្តសមាធិ ទំនប់រលក ផ្ទះអ្នកភូមិនៅផ្លូវទៅព្រែកត្របែក និងរមណីយដ្ឋានវប្បធម៌ផ្សេងៗ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក និងផ្សព្វផ្សាយពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនខ្មែរ។
តាមរបាយការណ៍ពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិ នាវានេះមានផ្ទុកមនុស្សសរុប ១២៨៩ នាក់ រួមមាននាវិកសរុប ៤៦៧នាក់ ស្រី ១១៦ នាក់ មាន៣០ សញ្ជាតិ និងភ្ញៀវទេសចរ ៨២២នាក់ ស្រី៤៣៩ នាក់ មាន២៣ សញ្ជាតិ ក្នុងនោះភ្ញៀវសញ្ជាតិអាមេរិក មានចំនួនច្រើនជាងគេ៦២៩នាក់។យោងតាមជំនាញដដែលអោយដឹងថានាវា Viking Orion បានសម្របសម្រួលជូនភ្ញៀវ ចេញទៅខេត្តសៀមរាបមានចំនួន ៣៣នាក់ ស្ត្រី១៧ មាន៤សញ្ជាតិ និងមកពីខេត្តសៀមរាបចេញតាមនាវាមានចំនួន ៣នាក់ មាន១សញ្ជាតិ។
នាវាទេសចរណ៍ Viking Orion មានលក្ខណៈបច្ចេកទេសប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក ៦,៦៥ ម៉ែត្រ និងជានាវាទី១៥ និងជាលើកទី១រយៈពេល៤ខែ នាឆ្នាំ២០២៦ ដែលបានចូលចតនៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់ ជាសញ្ញាបង្ហាញថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរលំដាប់អន្តរជាតិដែលចូលចិត្តការធ្វើដំណើរតាមផ្លូវសមុទ្រ៕
អត្ថបទ៖និន សុផារ



