ក្រសួងមុខងារសាធារណៈ ពង្រឹងយន្តការជ្រើសរើសមន្ត្រីរាជការតាមគោលការណ៍ «គុណាធិបតេយ្យ និងតម្លាភាព» ក្នុងវេទិកាកែទម្រង់លើកទី២

ក្នុងគោលបំណងលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈបានរៀបចំ វេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមានក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល និងសាធារណជន។

បេសកកម្ម និងអភិក្រមនៃការកែទម្រង់ ក្នុងវេទិកានេះ ឯកឧត្តម យក់ ប៊ុនណា បានគូសបញ្ជាក់ថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការកែទម្រង់នេះឈរលើគោលការណ៍គ្រឹះចំនួន ៣៖
​-គុណាធិបតេយ្យ៖ ការជ្រើសរើសយកអ្នកមានសមត្ថភាពពិតប្រាកដ។
​-តម្លាភាព៖ បើកចំហរជូនសាធារណជនតាមដាន។
​-យុត្តិធម៌៖ ការប្រកួតប្រជែងដោយស្មើភាព។

ដោយអនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» រាល់ការប្រឡងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបាននូវទំនុកចិត្ត និងភាពត្រឹមត្រូវបំផុត។

​បើតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ ចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៦ សមិទ្ធផលសំខាន់ៗសម្រេចបានរួមមាន៖រៀបចំការប្រឡងជ្រើសរើសមន្ត្រីចំនួន ៥៣លើក សម្រាប់ស្ថាប័នចំនួន ១០។
​មានបេក្ខជនចុះឈ្មោះប្រកួតប្រជែងសរុបប្រមាណ ២៩ម៉ឺននាក់។
​បច្ចុប្បន្ន ក្រសួងកំពុងបន្តរៀបចំដំណើរការប្រឡងសម្រាប់ស្ថាប័នចំនួន ៤ បន្ថែមទៀត រួមមាន៖ ក្រសួងការបរទេស, ក្រសួងយុត្តិធម៌, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការជ្រើសរើសគ្រូបង្រៀនសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។

​ការរៀបចំវេទិកាថ្ងៃនេះ មានគោលដៅយុទ្ធសាស្ត្រចំនួន ៣៖
​ការផ្តល់ព័ត៌មាន៖ ផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ដល់សាធារណជន។
​ការបង្ហាញវឌ្ឍនភាព៖ បង្ហាញពីដំណើរការ និងភាពជោគជ័យនៃការកែទម្រង់។
​ការប្រមូលធាតុចូល៖ បើកទូលាយក្នុងការទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់នាពេលអនាគត។