ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គសង្ឃាភិបាលបណ្ដុះបណ្ដាលមន្ត្រីសង្ឃជំនាន់ទី២ វគ្គ១ ប្រធានបទទី៩ “ការរៀបចំផែនការប្រតិបត្តិលើកកម្ពស់អភិបាកិច្ចសាសនា”
នៅរសៀលថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គសង្ឃាភិបាលបណ្ដុះបណ្ដាលមន្ត្រីសង្ឃជំនាន់ទី២ វគ្គ១ ប្រធានបទទី៩ “ការរៀបចំផែនការប្រតិបត្តិលើកកម្ពស់អភិបាកិច្ចសាសនា” នៅវត្តសុវណ្ណមុនីសាគរ (សំរោងអណ្ដែត) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បទឧទ្ទេសនាមមានគោលដៅ:
១-កសាងឯកសារនិងលិខិតបទដ្ឋាននានា ផែនទីបង្ហាញផ្លូវ ដែលជាមធ្យោបាយដើម្បីប្រើប្រាស់លើ ការគ្រប់គ្រងនិងដឹកនាំការងារពុទ្ធសាសនា។
២-ពង្រឹងមុខងារនិងការទទួលខុសត្រូវរបស់គណៈសង្ឃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងវត្តក្នុង ការអនុវត្ដប្រព័ន្ធសង្ឃាភិបាល សម្រាប់ការគ្រប់គ្រងវត្ដអារាម និងលើកកម្ពស់ពុទ្ធសាសនា។
៣-ពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសាសនចក្រនិងអាណាចក្រ នៅថ្នាក់ខេត្តនិងមូលដ្ឋាន ដើម្បីធានា បានការចូលរួមនិងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។
វគ្គសង្ឃាភិបាលនេះ ត្រូវបានបង្កើតក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព លើកកម្ពស់ប្រសិទ្ធភាព ការទទួលខុសត្រូវ និងការដឹកនាំគ្រប់គ្រងឱ្យមានប្រសិទ្ធភាពរបស់មន្ត្រីសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាសមណសិក្ខាការីដែលទទួលការបណ្តុះបណ្តាលត្រូវមានតួនាទីជាព្រះមេគណរាជធានី ខេត្ត ព្រមទាំងជាមន្ត្រីសង្ឃលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
វត្ដអារាមពុទ្ធសាសនា ជាមជ្ឈមណ្ឌលសុខដុមរមនាសង្គម ដែលបានដើរតួជាទីកន្លែងបដិបត្ដិធម៌វិន័យ របស់ព្រះសម្មាសម្ពុទ្ធ សម្រាប់ទាំងបព្វជិតនិងពុទ្ធបរិស័ទផងដែរ ហើយតាមរយៈកិច្ចបដិបត្ដិនេះហើយ ដែល ធ្វើឱ្យមនុស្សកំពុងរស់នៅក្នុងសង្គម មានចំណេះដឹង ផ្នែកសីលធម៌ និងចរិយាធម៌ ដែលជាគុណតម្លៃស្នូល ក្នុងការចូលរួមអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ប្រជាពុទ្ធបរិស័យរស់នៅដោយភាពសុខដុម វិបុលសុខ និងសាមគ្គីភាពតាមរយៈការពង្រឹងអភិបាលកិច្ចសង្ឃ អនុវត្តឱ្យខ្ជាប់ខ្ជួនតាម ព្រះពុទ្ធចក្រ និអាណាចក្រ ដែលជាកម្លាំងការពារសុខសន្ដិភាពជាមរតក របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្ដចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍពុទ្ធសាសនា វប្បធម៌ និងប្រពៃណីខ្មែរ ស្របតាមផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បទបង្ហាញលើប្រធានបទនេះ បានផ្តោតលើវិធីសាស្ត្ររៀបចំផែនការប្រតិបត្តិដែលមានភាពច្បាស់លាស់ ប្រកបដោយគោលដៅវាស់វែងបាន និងអាចអនុវត្តបានជាក់ស្តែង ដើម្បីលើកកម្ពស់អភិបាលកិច្ចសាសនា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការសង្គម។



