អំឡុងពេលដែលបណ្តាជាច្រើននៅតំបន់អាស៊ីរងឥទ្ធិពលកម្តៅខ្លាំង! ស្រាប់តែចិនមានភ្លៀងធ្លាក់ខ្លាំងភ្លាមៗក្នុងតំបន់ស្វយ័ត Guangxi បណ្តាលឱ្យជន់លិចផ្លូវនិងរថយន្ត
អំឡុងពេលដែលបណ្តាជាច្រើននៅតំបន់អាស៊ីរងឥទ្ធិពលកម្តៅខ្លាំងមុនពេលវស្សាន្តចូលមកដល់ ស្រាប់តែភាគខាងត្បូងប្រទេសចិនរងនូវព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗបានវាយប្រហារទីក្រុងឆ្នេរសមុទ្រ Qinzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang ចាប់ពីថ្ងៃចន្ទមក ដោយវាបានពន្លិចផ្លូវថ្នល់ និងរំខានដល់ចរាចរណ៍ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃអង្គារនេះ។ ភ្លៀងធ្លាក់ភ្លាមៗដែលចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃចន្ទបានបង្កឱ្យមានហេតុការណ៍ជន់លិចផ្លូវថ្នល់ទ្រង់ទ្រាយធំនៅទូទាំងតំបន់កណ្តាលទីក្រុង និងសង្កាត់ក្បែរខាងគ្នា។ គិតត្រឹមម៉ោង៤ រសៀលកាលពីថ្ងៃចន្ទនេះ ទឹកភ្លៀងសរុបនៅក្នុងទីក្រុង Qinzhou បានឡើងដល់កម្រិត 416.9 មីលីម៉ែត្រ ដោយទឹកភ្លៀងខ្លាំងបំផុតក្នុង១ម៉ោង បានឡើងដល់ 143.3 មីលីម៉ែត្រនៅក្នុងទីក្រុង Jiulong ស្រុក Qinnan នេះបើយោងតាមការិយាល័យឧតុនិយមក្នុងស្រុក។ ដូចដែលបានបង្ហាញនៅក្នុងរូបភាពវីដេអូ CCTV គឺមានរថយន្តជាច្រើនគ្រឿងបានជាប់គាំងនៅក្នុងតំបន់លិចទឹកខ្លាំង ខណៈដែលប៉ូលីសចរាចរណ៍ត្រូវបានដាក់ពង្រាយដើម្បីសម្រួលដល់ចរាចរណ៍កកស្ទះ។ អាជ្ញាធរមូលដ្ឋានបានចាត់វិធានការឆ្លើយតបជាបន្ទាន់កម្រិត III កាលពីព្រឹកថ្ងៃចន្ទនោះរួចរាល់ដែរ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុក គឺមានអ្នកជួយសង្គ្រោះជាងមួយរយនាក់ត្រូវបានបញ្ជូនទៅជួយជម្លៀសមនុស្សចេញ។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ និងរបួសនៅឡើយទេ។ អ្នកព្យាករណ៍អាកាសធាតុបានព្រមានទៀតថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ថ្ងៃអង្គារនាភាគខាងកើត និងខាងត្បូងនៃខេត្តក្វាងស៊ី រួមទាំងទីក្រុងឈីនចូវ ជាមួយនឹងអាកាសធាតុអាក្រក់ដូចជាព្យុះផ្គររន្ទះរយៈពេលខ្លី និងមានខ្យល់បក់ខ្លាំងផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



