ឯកឧត្តម អូស្មាន ហាស្សាន់៖ កាកបាទក្រហមឥណ្ឌូនេស៊ី ផ្ដល់ថវិកាចំនួន៥ ម៉ឺនដុល្លារ ដើម្បីសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កាកបាទក្រហមឥណ្ឌូនេស៊ី បានផ្តល់ថវិកាចំនួន ៥ ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីរួមចំណែកសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្ន របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាការគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសចុះត្រួតពិនិត្យប្រព័ន្ធបណ្តាញទឹកស្អាត និងស៊ីទែនទឹក បន្ទាប់ពីបានចែកកញ្ចប់អាហារចំនួន ១៦០០គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងបន្តថា ទោះបីនេះ ជាការជួយមានទំហំបន្តិចបន្តួចក្តី ប៉ុន្តែការទទួលបានជំនួយជាសម្ភារៈ ថវិកា និងស្មារតីក្តី គឺជាសក្ខីភាពបង្ហាញពីការគាំទ្រ និងទំនុកចិត្តរបស់អន្តរជាតិលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៉ី ដែលជានិច្ចកាលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា៕