ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបពិភាក្សាការងារជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាទីស្តីការគណៈរដ្ឋមន្ត្រី , លោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា Vladanka Andreeva អ្នកសម្របសម្រួលទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានមានប្រសាសន័ថា៖ អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤‑២០២៨ ផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាលើកទី២ ឆ្នាំ២០២៥-២០៣០ ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ផែនការសកម្មភាពការងាររបស់ចលនាបង្កើនអាហារូបត្ថម្ភ និងសម្ព័ន្ធជើងឯកបរិវត្តកម្មប្រព័ន្ធស្បៀង ព្រមទាំងគំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាជាតិ ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា Vladanka Andreeva ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ឋភាព និងចីរភាព ជាពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និងបញ្ចកោណទី៤ មុំទី៣ ការលើកស្ទួយកសិកម្មនិងការអភិវឌ្ឍជនបទ ដែលជាភារកិច្ចរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បន្តថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នឹងបន្តពង្រឹងអភិបាលកិច្ចស្ថាប័ននិងភាពជាដៃគូ ការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បញ្ជាក់ថា ទោះកម្ពុជាបច្ចុប្បន្ន កំពុងមានវិបត្តិនៅតាមព្រំដែនជាមួយប្រទេសថៃ ក៏កម្ពុជានៅតែមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់តម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំ និងការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាក្នុងការជួយរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤‑២០២៨ និងផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ និងពង្រឹងវិស័យផ្សេងៗទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។



