ត្រឹមតែ១ថ្ងៃប្រទេសឥណ្ឌូណេស៊ីទទួលរងគ្រោះថ្នាក់លើករណីរថភ្លើងបុកគ្នាចំនួន២ ធ្វើឱ្យមនុស្សស្លាប់កើនដល់១៤នាក់ និង របួសជាង៨០នាក់ 

ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើង នៅខាងក្រៅរដ្ឋធានីឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៤នាក់ហើយ។ លោក Bobby Rasyidin នាយកប្រតិបត្តិក្រុមហ៊ុនផ្លូវដែករដ្ឋ PT Kereta Api Indonesia បាននិយាយថា មនុស្ស ១៤នាក់ត្រូវគេបញ្ជាក់ថាស្លាប់គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ សពទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីកំណត់អត្តសញ្ញាណបន្ថែម។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលរថភ្លើងផ្លូវឆ្ងាយបានបុកជាមួយទូខាងក្រោយរបស់រថភ្លើងដឹកអ្នកដំណើរមួយផ្សេងទៀតដែលឈប់សំចតនៅស្ថានីយ៍ Bekasi Timur នៅខាងក្រៅទីក្រុងហ្សាកាតា។ ទូរថភ្លើងនេះត្រូវបានកំណត់សម្រាប់ស្ត្រីតែប៉ុណ្ណោះ ដែលជាកន្លែងស្នាក់នៅរួមដើម្បីបញ្ឈប់ការយាយីលើភេទស្រ្តី។ មនុស្សរងរបួសសរុបចំនួន ៨១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល នេះបើយោងតាមលោក Bobby Rasyidin នាយកប្រតិបត្តិក្រុមហ៊ុនផ្លូវដែករដ្ឋ PT Kereta Api Indonesia។ លោក Rasyidin បានប្រាប់អ្នកយកព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះថា “ការជម្លៀសមនុស្សត្រូវចំណាយពេលយូរ… ហើយយើងកំពុងធ្វើវាដោយប្រុងប្រយ័ត្នដែរ។ មន្ត្រីបាននិយាយថា អ្នកដំណើរសរុបទាំង២៤០នាក់នៅលើរថភ្លើងផ្លូវឆ្ងាយពី Argo Bromo Anggrek គឺមានសុវត្ថិភាព។ ប៉ូលីសបាននឹងកំពុងស៊ើបអង្កេតរកពីមូលហេតុនៃគ្រោះថ្នាក់នេះ នេះជាការបញ្ជាក់របស់លោកអធិការប៉ូលីសក្រុងហ្សាកាតា  Asep Edi Suheri នៅកន្លែងកើតហេតុ។ លោក Rasyidin បាននិយាយថា ក៏មានរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀតផ្សេងទៀតដែរ បានបុកជាមួយរថយន្តតាក់ស៊ីដែលឆ្លងកាត់ផ្លូវដែក រួចជាប់គាំង ស្ថិតនៅក្បែរស្ថានីយ៍រថភ្លើង ហើយយើងកំពុងទុកវាឱ្យគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់រថភ្លើងនោះឱ្យកាន់តែលម្អិត”។ គ្រោះថ្នាក់រថភ្លើងគឺជារឿងធម្មតានៅលើផ្លូវដែកចាស់ក្នុងប្រទេសឥណ្ឌូណេស៊ី ដោយកាលពីខែមករា ឆ្នាំ២០២៤ រថភ្លើងពីរគ្រឿងបានបុកគ្នានៅខេត្តជ្វាខាងលិចបានសម្លាប់មនុស្ស៤នាក់ភ្លាមៗ៕ 

សម្រួលអត្ថបទ៖សុផារិន្ទ