ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ ប្រវែងជិត ២០គីឡូម៉ែត្រ ភ្ជាប់ពីស្រុកកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល
កំណាត់ផ្លូវជាតិលេខ២៣ ប្រវែងជិត ២០គីឡូម៉ែត្រ ភ្ជាប់ពីស្រុកកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាលបាន ដាក់ឱ្យសម្ភោធប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៍ខ្ពង់ខ្ពស់សម្តេចបវធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២៦
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ឥណទានសម្បទាន ចំនួនប្រមាណ ២៥ លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់, ជួសជុល និង លើកកម្រិត ផ្លូវជាតិ លេខ ២៣ នេះ, និយាយដោយឡែក, និង សម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ព្រមទាំង គម្រោងជាច្រើនទៀត ដែលបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, និយាយជារួម ។ កាដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវ កំណាត់ផ្លូវ ជាតិលេខ ២៣ ដ៏មានសារៈសំខាន់នេះ ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល សម្រាប់បង-ប្អូនប្រជាពលរដ្ឋ និង ជាការឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ និង ពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅទូទាំងប្រទេស ឲ្យបានកាន់តែប្រសើរឡើងជាលំដាប់, ស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាល ទី ១, ដែលចាត់ទុក «ផ្លូវ» ជា អាទិភាពគន្លឹះ ទី ២ បន្ទាប់ ពី «មនុស្ស» ដែលជា អាទិភាពគន្លឹះ ទី ១ ។ ច្បាស់ណាស់ថា រាជរដ្ឋាភិបាល ក្នុងគ្រប់ នីតិកាល តែងតែចាត់ទុកការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជា អាទិភាពគន្លឹះ និង ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពីព្រោះ ផ្លូវ-ស្ពាន គឺជាសរសៃឈាមនៃសរីរាង្គសេដ្ឋកិច្ចរបស់ប្រទេស ស្របតាមទិសស្លោក ដ៏ពិសិដ្ឋ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, នោះគឺ៖ «មាន ផ្លូវ និង ស្ពាន គឺមានក្ដីសង្ឃឹម និង មានការអភិវឌ្ឍ លើគ្រប់វិស័យ» ។ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥, សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈម និង សម្របខ្លួន ទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ និង ដំណាលៗគ្នា ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ សំដៅ, ម្ខាង, បន្តរក្សានូវចលនការនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម; និង ម្ខាងទៀត, ប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព តាមរយៈការបន្តពង្រឹងភាពប្រកួតប្រជែង, ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ, ការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅ នឹងខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់ និង សកល, ការចាប់យកសកម្មភាពផលិតកម្ម ដែល បង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារកាន់តែច្រើន សម្រាប់កម្លាំងពលកម្មដែលមាន ជំនាញមធ្យម និង ខ្ពស់, ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ ។ល។ សំដៅឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ។ ជាលទ្ធផល, ទោះបី ត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវ ប្រឈមនឹងការគម្រាម និង ការរំលោភ លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ ២០២៥ កន្លងទៅ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព, ជាពិសេស ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល, ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុង ការផ្តល់លទ្ធភាព ដល់រាជរដ្ឋាភិបាល, ម្យ៉ាង, ក្នុងការបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធ ធារាសាស្រ្ត, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី ។ល។; និង ម្យ៉ាងទៀត, ក្នុងការតម្លើង ប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និង របបសន្តិសុខសង្គម ជូនមន្រ្តីរាជការស៊ីវិល, កង កម្លាំងប្រដាប់អាវុធ, និវត្តជន និង មន្រ្តី-បុគ្គលិកគ្រប់ប្រភេទ ទន្ទឹមគ្នានឹងការបង្កើនប្រាក់ សោធនប្រចាំខែ សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និង អតីតយុទ្ធជន ។
ផ្អែកលើមូលដ្ឋានខាងលើ គួបផ្សំនឹងឆន្ទៈ និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុត ក្នុងការបន្ត ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ, រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី», បាន និង កំពុង បន្តបោះជំហានយ៉ាងស្វាហាប់, ដោយខិតខំច្បាមយក នូវកាលានុវត្តភាពទាំងឡាយដែលផុសឡើង, ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងរហ័ស នៃ ស្ថានភាពសង្គម-សេដ្ឋកិច្ច តំបន់ និង សកល, ដោយសម្រេចបាននូវលទ្ធផលល្អជាច្រើន គួរឲ្យកត់សម្គាល់, ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ ។ យ៉ាងណាមិញ, បច្ចុប្បន្ននេះ, កម្ពុជា នៅតែបន្តជួបប្រឈមនឹងអន្តរកាល នៃពហុវិបត្តិ, ក្នុងន័យថា ខណៈដែលការប្រែប្រួល របបពាណិជ្ជកម្មសកល, ពោលគឺ ការដំឡើងពន្ធជាសកល របស់សហរដ្ឋអាម៉េរិក កំពុង តែត្រូវបានបន្តអនុវត្ត; យុទ្ធនាការបោសសម្អាត និង បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ អនឡាញ (Online Scam) កំពុងបន្តប្រព្រឹត្តទៅ យ៉ាងសកម្ម តែមិនទាន់ដល់ទីបញ្ចប់ នៅឡើយ; ហើយបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដែរនោះ; សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ក៏បានផ្ទុះឡើងទៀត ។ ការណ៍នេះ បាននាំមកនូវ ភាពមិនប្រាកដប្រជា កាន់តែខ្ពស់ និង ពិបាកប៉ាន់ស្មាន ព្រមទាំង បង្កឲ្យមានកម្មវិបាក ជាអវិជ្ជមាន មកលើទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និង ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ របស់ កម្ពុជា, ទាំងក្នុងរយៈពេលខ្លី និង មធ្យមខាងមុខ, ដោយសារការកើនថ្លៃប្រេងឥន្ធនៈ, ជាពិសេស មកលើវិស័យដែលពឹងផ្អែកលើប្រេង ជាកត្តាផលិតកម្ម, តួយ៉ាង កសិកម្ម, ដឹកជញ្ជូន និង ទេសចរណ៍, គួបផ្សំនឹងការកើននៃសម្ពាធអតិផរណា ដែលអាចបន្ទច់បង្អាក់ ដល់សកម្មភាពចាយ និង ការប្រើប្រាស់ ជារួម ។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ, ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និង ការខិតខំបញ្ចៀសការហក់ឡើងគំហុក នៃថ្លៃលក់រាយប្រេងឥន្ធនៈ, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការជាច្រើន ប្រកបដោយស្មារតីបុរេសកម្ម, ទាំងវិធានការជាគោល- នយោបាយសារពើពន្ធ និង មិនមែនសារពើពន្ធ, ជាបន្តបន្ទាប់ ក្នុងនោះ រួមមាន៖ ១). ការបន្តផ្តល់ការឧបត្ថម្ភធន ដោយស្ងាត់ស្ងៀម តាមរយៈ ការរក្សាមូលដ្ឋានគិតពន្ធ ឲ្យនៅថេរ ដែលការណ៍នេះ ធ្វើឲ្យប្រាក់ពន្ធដែលក្រុមហ៊ុននាំចូលត្រូវបង់ ស្ថិតនៅថេរ ដែរ, ពោលគឺ មិនឡើងតាមថ្លៃជាក់ស្តែងនៃប្រេងឥន្ធនៈ លើទីផ្សារនោះទេ; ២). ការដាក់ ប្រភេទពន្ធមួយចំនួន ជាបន្ទុករបស់រដ្ឋ តាមរយៈ ការបញ្ចុះអាករបន្ថែម លើប្រេងសាំងធម្មតា និង លើប្រេងម៉ាស៊ូត, ការបញ្ចុះអាករលើតម្លៃបន្ថែម លើប្រេងសាំងធម្មតា និង លើប្រេង ម៉ាស៊ូត, និង ការបញ្ចុះអាករពិសេស លើប្រេងសាំងធម្មតា និង លើប្រេងម៉ាស៊ូត; ៣). ការលើកលែងអាករលើតម្លៃបន្ថែម លើឥន្ធនៈឧស្ម័ន (LPG) ដើម្បីជួយសម្រាកបន្ទុក ដល់អ្នកប្រកបមុខរបរ និង ធ្វើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្នុងការចម្អិនអាហារ និង ការធ្វើដំណើរ ឬ ការដឹកជញ្ជូន តាមយានយន្តប្រើប្រាស់ហ្គាស, ពិសេស គឺម៉ូតូកង់បី; ៤). ការអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ប្រើប្រាស់មូលនិធិរបស់ខ្លួន ដើម្បីជួយបង្កើនសន្និធិ ប្រេងម៉ាស៊ូត ដែលត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់ជាទូទៅ ក្នុងវិស័យហេដ្ឋារចនា- សម្ព័ន្ធ, កសិកម្ម និង ដឹកជញ្ជូន ជាដើម; ៥). ការតាមដានថ្លៃលក់រាយប្រេងឥន្ធនៈ និង ការត្រួតពិនិត្យថ្លៃលក់រាយនៃប្រេងឥន្ធនៈ ដែលត្រូវបានកំណត់ រួមជាមួយនឹងការចាត់ វិធានការតឹងរ៉ឹង ដោយដាក់ពិន័យ ស្របតាមនីតិវិធីច្បាប់ និង អាចឈានដល់ផ្អាក ប្រតិបត្តិការ ជាបណ្តោះអាសន្ន ចំពោះស្ថានីយលក់ប្រេង ដែលពុំបានអនុវត្តត្រឹមត្រូវ តាម គោលការណ៍ ជាធរមាន; ៦). ការខិតខំស្វែងរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ឥន្ធនៈ ឧស្ម័ន (LPG) បន្ថែមទៀត ពីក្នុងតំបន់ និង ប្រទេសនានា; និង ៧). ការសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ តាមក្រសួង-ស្ថាប័នរដ្ឋ ។ល។
ជារួម, វិធានការទាំងអស់នេះ, ម្ខាង, បាន និង កំពុង ជួយសម្រាលបន្ទុកក្រុមហ៊ុន នាំចូល ដែលជាកត្តាដ៏សំខាន់ សម្រាប់ជួយធានានិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ឥន្ធនៈឧស្ម័ន (LPG); និង ម្ខាងទៀត, ជួយកាត់បន្ថយចំណាយផ្ទាល់ របស់ប្រជាពលរដ្ឋ ទូទៅ បានមួយកម្រិត ផងដែរ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បាន និង កំពុង បន្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានត្រួតពិនិត្យ ជាប់ជាប្រចាំ នូវការវិវត្តនៃសភាព- ការណ៍ ជាក់ស្តែង ដើម្បីត្រៀមដាក់ចេញនូវវិធានការគាំពារសង្គមបន្ថែមទៀត តាម ការចាំបាច់ សំដៅរក្សាលំនឹងជីវភាព និង ជួយសម្រាលការលំបាករបស់ប្រជាជន, ពិសេស គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ។



