ខេត្តស្ទឹងត្រែង រៀបចំ “ទិវាកីឡាសម្រាប់ទាំងអស់គ្នា” ឆ្នាំ២០២៦ យ៉ាងអធិកអធម ដោយមានអ្នកចូលរួមជាង ១៤,០០០នាក់ មកពីទូទាំងប្រទេស
(ស្ទឹងត្រែង)៖ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំ “ទិវាកីឡាសម្រាប់ទាំងអស់គ្នា” (Sports For All) ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព”។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅលើទីលានតេជោ-ធិបតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែ ប៊ុនខៀង និង ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
“ទិវាកីឡាសម្រាប់ទាំងអស់គ្នា” ឆ្នាំនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយមានប្រតិភូកីឡាអញ្ជើញមកពីគ្រប់ ២៥ រាជធានី-ខេត្ត សរុបចំនួន ១៤,២៦៨នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមលេងកីឡា ដើម្បីសុខភាព និងមិត្តភាព។
ក្នុងទិវានេះដែរ មានការរៀបចំនូវ ៦ ប្រភេទកីឡា រួមមាន៖
១. កីឡាជិះកង់៖ ចម្ងាយ ១០គីឡូម៉ែត្រ (បុរស-នារី)
២. កីឡារត់ប្រណាំង៖ ចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ (បុរស-នារី)
៣. កីឡាទាញព្រ័ត្រ៖ លក្ខណៈមហាជន
៤. កីឡាហាត់ប្រាណ៖ តាមចង្វាក់ភ្លេង
៥. កីឡាអុកចត្រង្គ៖ បង្ហាញពីសមត្ថភាពបញ្ញា
៦. កីឡាវាយខែល៖ ដែលជាកីឡាអត្តសញ្ញាណបេតិកភណ្ឌខ្មែរ
តាមរយៈប្រធានបទ «កីឡាជាសេវាលើកស្ទួយសុខភាព» គណៈអធិបតីបានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការកសាងសាមគ្គីភាពជាតិ។ វត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនេះ បានឆ្លុះបញ្ចាំងពីសន្ទុះនៃការរីកចម្រើនក្នុងវិស័យកីឡាមហាជននៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យប្រជាជនម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។
ព្រឹត្តិការណ៍ “ទិវាកីឡាសម្រាប់ទាំងអស់គ្នា” ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង បានបញ្ចប់ទៅក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់៕



