ភ្នំពេញ ៖ ខេត្តតាកែវ កំពុងមានឱកាសការងារជាច្រើនសន្ធឹកសន្ធាប់ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងមូលដ្ឋានផ្ទាល់។ នេះបើយោងតាមការ ប្រកាសផ្សព្វផ្សាយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
តាមការបញ្ជាក់ គិតត្រឹមសប្តាហ៍ទី៣ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវ មានឱកាសការងារសរុបចំនួន ៨.៤៩៩កន្លែង ដែលភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម និងរោងចក្រ សហគ្រាសនានា កំពុងត្រូវការកម្លាំងពលកម្មជាបន្ទាន់។ ជាមួយគ្នានេះដែរ ក្រសួងបានណែនាំឲ្យបងប្អូនអតីតពលករ និងអ្នកស្វែងរកការងារ អាចជ្រើសរើសមុខរបរដែលសមស្របនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួន តាមរយៈខិត្តប័ណ្ណព័ត៌មានការងារ ដែលមានបញ្ជីឈ្មោះរោងចក្រ វិស័យការងារ និងលេខទំនាក់ទំនងយ៉ាងលម្អិត។
ចំពោះអ្នកស្វែងរកការងារ អាចទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុន ឬរោងចក្រ ដើម្បីស្នើសុំការងារ ឬក៏ប្រើប្រាស់សេវាកម្មជំនួយរបស់ក្រសួង តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការណែនាំ និងសម្របសម្រួលក្នុងការស្វែងរកការងារដែលសមរម្យ។ ការផ្តល់ឱកាសការងារជាច្រើននេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង៕



