អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយតំណាងអង្គការ UN-Habitat ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ខេត្ត
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Kazuko ISHIGAKI នាយិកាប្រចាំតំបន់ និងលោកស្រី Odicea Angelo Barrios មន្ត្រីជាន់ខ្ពស់នៃអង្គការ UN-Habitat ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏សម្បូរបែបរបស់ខេត្ត ដែលជាខេត្តស្នូលនៃតំបន់ឆ្នេរ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ទម្រង់ (ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស) កំពង់ផែទឹកជ្រៅដែលមានសមត្ថភាពទទួលនាវាខ្នាតយក្ស និងផែនការអភិវឌ្ឍខេត្តឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តម បានថ្លែងអំណរគុណដល់អង្គការ UN-Habitat ដែលបានជួយជ្រោមជ្រែងកន្លងមកលើគម្រោងអភិរក្សព្រៃកោងកាង ការគ្រប់គ្រងសំណល់រឹង គំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ (Smart City) និងការសាងសង់ប្រព័ន្ធលូបង្ហូរទឹកនៅស្រុកព្រៃនប់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យអង្គការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមានភាពធន់នឹងអាកាសធាតុ និងប្រព័ន្ធរំដោះទឹកភ្លៀងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកស្រី Kazuko ISHIGAKI បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។ លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UN-Habitat ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត លើការងារសំខាន់ៗចំនួនបីគឺ៖ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណង់ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដើម្បីរួមចំណែកប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាទីក្រុងឆ្លាតវៃ និងទីក្រុងបៃតងនាពេលអនាគត។

អត្ថបទ:សូត្រ


