លោកជំទាវបណ្ឌិត ទេសាភិបាល ធនាគារជាតិនៃកម្ពុជាធនាគារជាតិនៃកម្ពុជា ជា អធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា។

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្ត្រ (Taxonomy) ហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រនេះមានគោលបំណងលើកកម្ពស់តម្លាភាព និងសង្គតិភាពក្នុងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំជាសកម្មភាពបៃតង (greenwashing) ក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងដំណាក់កាលដំបូង ការប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនេះត្រូវបានផ្តោតសំខាន់លើវិស័យចំនួន ៣ ដែលរួមមាន វិស័យថាមពល វិស័យដឹកជញ្ជូន និងវិស័យសំណង់។ ក្របខ័ណ្ឌនេះនឹងជួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការកំណត់ការចាត់ថ្នាក់គម្រោង ឬសកម្មភាពបៃតង ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់គម្រោងវិនិយោគបៃតងក្នុងប្រទេសកម្ពុជា ប្រកបដោយចីរភាព តម្លាភាព និងភាពជឿទុកចិត្ត។

ប្រព័ន្ធវដ្តករសាស្ត្រផ្តល់នូវប្រព័ន្ធចំណាត់ថ្នាក់ស្តង់ដាមួយ ដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និងអ្នកចូលរួមទីផ្សារផ្សេងទៀត ក្នុងការកំណត់សកម្មភាពសេដ្ឋកិច្ច ដែលរួមចំណែកដល់ចីរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។