គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ ប្តេជ្ញាពង្រឹងកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាសង្គមឱ្យកាន់តែមានប្រសិទ្ធភាព

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ នៃអាណត្តិទី៤ របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ (អាណត្តិទី៤) ដឹកនាំដោយលោកជំទាវ យុឹង សុឃឿន អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ខែបន្ត។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យកំណត់ហេតុប្រជុំលើកទី២០ របាយការណ៍លទ្ធផលការងារប្រចាំខែ និងការស្តាប់របាយការណ៍អំពីស្ថានភាពបញ្ហាប្រឈម ដំណោះស្រាយ ការឆ្លើយតប ក៏ដូចជាសំណូមពរផ្សេងៗ ដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារនៅតាមមន្ទីរ អង្គភាព និងតាមបណ្តាក្រុង-ស្រុកក្នុងខេត្ត។

ក្នុងឱកាសនោះ លោកជំទាវ ប្រធានអង្គប្រជុំបានដាក់ចេញនូវអនុសាសន៍ និងទិសដៅការងារសំខាន់ៗដូចខាងក្រោម៖

• ការពង្រឹងការដោះស្រាយពីមូលដ្ឋាន៖ ជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរសង្គមកិច្ច និងអង្គការដៃគូទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យរាល់មតិយោបល់ និងបញ្ហាប្រឈម ដោយត្រូវស្វែងរកដំណោះស្រាយសមស្រប និងជួយសម្របសម្រួលការងារឱ្យបានទាន់ពេលវេលា។

• ការបង្កើនប្រសិទ្ធភាពសេវាសង្គម៖ ទាមទារឱ្យអាជ្ញាធរមូលដ្ឋានលើកយកបញ្ហាប្រឈមមកដោះស្រាយនៅថ្នាក់ក្រុង-ស្រុកឱ្យបានចប់សព្វគ្រប់ មុននឹងស្នើសុំការដោះស្រាយបន្ថែមនៅថ្នាក់ខេត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគាំទ្រ និងដោះស្រាយករណីស្ត្រី និងកុមាររងគ្រោះ ឬរងការយាយីនៅក្នុងសហគមន៍។

• ការសហការជាមួយដៃគូអភិវឌ្ឍន៍៖ ស្នើឱ្យអង្គការដៃគូអភិវឌ្ឍន៍បន្តកិច្ចសហការ និងធ្វើរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយចំពោះគ្រប់ករណីទាំងអស់ ដើម្បីជួយដល់កុមារ ស្ត្រីរងគ្រោះ និងគ្រួសារដែលជួបការលំបាកដោយផ្ទាល់។

ជាកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា គ.ក.ស.ក ខេត្ត មន្ទីរ អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង។

អត្ថបទ៖ ម៉ារ៉ាឌី