ឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ត្រៀមទទួលបានផ្លូវបេតុងអារម៉េថ្មី តាមរយៈគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រៃនប់ បានរៀបចំពិធីបើកសំណើដេញថ្លៃជាសាធារណៈនូវគម្រោងមូលនិធិឃុំ ប្រចាំឆ្នាំ២០២៦ សម្រាប់ឃុំចំនួន៣ រួមមាន ឃុំតានៃ ឃុំទឹកថ្លា និងឃុំជើងគោក។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ស៊ុន សុភាព អភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនដេញថ្លៃ អាជ្ញាធរឃុំពាក់ព័ន្ធ និងមន្ត្រីជំនាញ ព្រមទាំងបងប្អូនអ្នកសារព័ត៌ជាច្រើនរូបទៀត។
ការដេញថ្លៃនាឱកាសនោះ ផ្តោតសំខាន់លើការស្ថាបនាផ្លូវបេតុងអារម៉េ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើរ រួមមាន ឃុំតានៃ មាន២គម្រោង គម្រោងទី១ សាងសង់ផ្លូវបេតុងអារម៉េ ប្រវែង ១៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ គម្រោងទី២ សាងសង់ផ្លូវបេតុងអារម៉េ ប្រវែង ២៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ព្រមទាំងមានការដាក់លូមូលភ្លោះ អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ ដើម្បីធានាប្រព័ន្ធរំដោះទឹក ឃុំទឹកថ្លា គម្រោងសាងសង់ផ្លូវបេតុងអារម៉េ ប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលតភ្ជាប់ការធ្វើដំណើររវាងភូមិព្រែកទាល់ និងភូមិកំពង់ចិន និងឃុំជើងគោ គម្រោងសាងសង់ផ្លូវបេតុងអារម៉េ ប្រវែង ៤៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ។
ក្នុងឱកាសនោះ ឃាង ភារម្យ បានមានប្រសាសន៍ថា ក្នុងដំណើរការដេញថ្លៃនេះត្រូវបានធ្វើឡើងដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាពពិតប្រាកដ ហើយក៏ណែនាំដល់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាពសំណង់ ដើម្បីឱ្យសមិទ្ធផលទាំងនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើជាប្រយោជន៍ដល់សាធារណជន។
តាមរយៈគម្រោងមូលនិធិឃុំឆ្នាំ២០២៦នេះ គេរំពឹងថា វានឹងជួយផ្លាស់ប្តូរមុខមាត់ថ្មីនៃតំបន់ជនបទក្នុងស្រុកព្រៃនប់ កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនកសិផល និងបង្កើនភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀនផងដែរ៕
អត្ថបទ: ស្រីមុំ



