ជនមានពិការភាពគ្រប់ប្រភេទរាប់រយនាក់បានចេញមកតវ៉ាក្នុងទីក្រុង Buenos Aires របស់អាហ្សង់ទីន ជុំវិញការកាត់បន្ថយប្រាក់សោធនកាន់តែច្រើនរបស់ពួកគេ

មនុស្សរាប់រយនាក់ដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងអ្នកព្យាបាលរបស់ពួកគេជាច្រើនរូបបានចេញមកតាមដងផ្លូវនានាក្នុងទីក្រុង Buenos Aires (ប៊ុយនូស៊ែរ) ដើម្បីតវ៉ាប្រឆាំងនឹងការបដិសេធរបស់ប្រធានាធិបតី Javier Milei ក្នុងការអនុវត្តច្បាប់ស្តីពីប្រាក់សោធននិវត្តន៍ និងការចំណាយសម្រាប់ជនពិការក្នុងប្រទេស។ ក្រុមអ្នកតវ៉ាក៏បានធ្វើបាតុកម្មប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយថវិកាសម្រាប់វិធានការដែលសភាបានអនុម័តពីលើកមុន លើសពីការ Veto ការប្រតិបត្តិរបស់លោក Milei ដែរ។ កាលពីឆ្នាំមុនលោក Milei បាន Veto ច្បាប់ដើម្បីបង្កើនការចំណាយសម្រាប់ប្រាក់សោធននិវត្តន៍ និងពង្រីកកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព។ ទោះជាយ៉ាងណាក៏ដោយ សភាបានបដិសេធចំពោះរូបលោកដោយជោគជ័យ។ ចាប់តាំងពីពេលនោះមក រដ្ឋបាលបានបរាជ័យក្នុងការអនុវត្តច្បាប់នេះរួចទៅហើយដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងដាក់ស្នើគម្រោងថ្មីមួយទៅកាន់សភា ដែលនឹងអាចកាត់បន្ថយតម្រូវការចំណាយដែលខ្លួនបានព្យាយាមរារាំងតាំងពីដំបូងមក។ ក្រុមអ្នកតវ៉ាមួយចំនួនបានមកដល់ទីតាំងតវ៉ាដោយខ្លះមានរទេះរុញ ឬដោយប្រើឈើច្រត់សម្រាប់ភាពពិការបស់ពួកគេ ខណៈដែលអ្នកផ្សេងទៀតដែលមានបញ្ហាសតិបញ្ញាក៏បានពឹងផ្អែកសមាជិកគ្រួសារដើម្បីនិយាយជំនួសនូវអ្វីដែលពួកគេចង់បានដែរ។ នៅចំពោះមុខក្រសួងសុខាភិបាល មនុស្សជាច្រើននាក់បានចែករំលែកនូវការខកចិត្តខ្លាំងរបស់ពួកគេជាមួយនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងៗ ដោយពួកគេបានលើកឡើងថា ការឧបត្ថម្ភធនធានព្យាបាល និងប្រាក់សោធននិវត្តន៍ត្រូវបានកាត់បន្ថយហើយ។ «ពួកគេបានកាត់បន្ថយការចំណាយព្យាបាលរបស់ខ្ញុំ ពួកគេបានកាត់បន្ថយវាច្រើនណាស់ ខ្ញុំមិនអាចធ្វើការបានទេ ព្រោះខ្ញុំត្រូវនៅជាមួយកូនប្រុសរបស់ខ្ញុំ សូមអ្នកស្រមៃមើលនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវឆ្លងកាត់វាលំបាកណាស់ នេះគឺជាសំដីរបស់លោក Karen Rolon ដែលចេញមកតវ៉ាជាមួយកូនប្រុសពិការអាយុ ១០ឆ្នាំរបស់លោក។ ស្ថាប័នជាច្រើនកំពុងស្ថិតនៅលើជ្រុងមួយនៃភាពក្ស័យធន។ មិនតែប៉ុណ្ណោះស្ថានការណ៍នៃការតវ៉ាស្រដៀងគ្នានេះក៏បានធ្វើឡើងដែរនៅក្នុងទីក្រុងនានាទូទាំងប្រទេសអាហ្សង់ទីន។ ចាប់តាំងពីលោក Milei បានចូលកាន់តំណែងនៅចុងឆ្នាំ ២០២៣មក ដោយលោកបានបដិសេធជារឿយៗនូវកំណើនពីការចំណាយសាធារណៈ ដោយនិយាយឡើងវិញនូវពាក្យស្លោករបស់លោកដដែលៗថា « No hay plata » ឬ ស្មើនឹងការគ្មានលុយចំណាយតែម្តង ដើម្បីឆ្លើយតបទៅនឹងការទាមទារជំនួយនានា៕

សម្រួលអត្ថបទ៖ សុផារិន្ទ