ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងព័ត៌មាន បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់ ធាតុចូលលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិនៃជនងាយរងគ្រោះ៖ ស្ត្រី កុមារ និងជនមានពិការភាព
(ភ្នំពេញ)៖ កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់ ធាតុចូលលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិនៃជនងាយរងគ្រោះ៖ ស្ត្រី កុមារ និងជនមានពិការភាព បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះបានធ្វើការពិភាក្សាគ្នារវាងក្រុមការងារជំនាញរបស់ក្រសួងព៏ត៌មាន ដឹកនាំដោយ ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងព័ត៌មាន ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកជំនាញវិស័យព័ត៌មាន និងសិទ្ធិមនុស្ស ដើម្បីពិភាក្សាលើខ្លឹមសារ និងវិធានការសំខាន់ៗ ក្នុងការកែលម្អគុណភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យមានវិជ្ជាជីវៈ ការទទួលខុសត្រូវ និងគោរពតាមស្តង់ដារសិទ្ធិមនុស្ស។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្ចារិទ្ធ បានបញ្ជាក់ថា ការរៀបចំគោលការណ៍ណែនាំនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើនការយល់ដឹង និងជំរុញឱ្យអ្នកសារព័ត៌មាន អនុវត្តន៍ការរាយការណ៍ដោយមានក្រមសីលធម៌ គោរពសេចក្តីថ្លៃថ្នូរនៃជនងាយរងគ្រោះ និងជៀសវាងការបង្ហាញព័ត៌មានដែលអាចបង្កអន្តរាយ ឬប៉ះពាល់ដល់សុវត្ថិភាព និងឯកជនភាពរបស់ពួកគេ។
ឯកឧត្តម សាន សុខប្រពៃ ទីប្រឹក្សា ក្រសួងព័ត៌មាន បានធ្វើសេចក្តីរាយការណ៍ ការរៀបចំសេចក្តីព្រាងគោល ការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិនៃជនងាយរងគ្រោះ៖ ស្ត្រី កុមារ និងជនមានពិការភាព។ សេចក្តីព្រាងគោលការណ៍នេះ មានគោលដៅ និងវត្ថុបំណងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពិសេសពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយផ្តល់ជាវិធានគ្រឹះបន្ថែមចាំបាច់ សម្រាប់ជួយគាំទ្រការអនុវត្តការងាររាយការណ៍ព័ត៌មានជាប្រចាំថ្ងៃ ដែលផ្តោតទៅលើគោលដៅនៃការ លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងជនមានពិការភាព។
នៅក្នុងដំណើរការនៃកិច្ចប្រជុំពេញ១ព្រឹកនេះ អ្នកចូលរួមក៏បានផ្តល់យោបល់ និងសំណើបន្ថែមមួយចំនួនដើម្បីធានាថា សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានភាពទូលំទូលាយ អាចអនុវត្តបានជាក់ស្តែង និងសមស្របទៅនឹងបរិបទសង្គមបច្ចុប្បន្ន។
ជាសរុប កិច្ចប្រជុំនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងគុណភាពវិស័យព័ត៌មាន និងការពារសិទ្ធិនៃក្រុមជនងាយរងគ្រោះ តាមរយៈការរៀបចំគោលការណ៍ណែនាំដែលមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដ៕



