ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បញ្ចេញរូបភាពវីដេអូដែលកងទ័ពជើងទឹករបស់ខ្លួនបានប្រើប្រាស់ត្រឹមតែទូកតូចមួយដើម្បីរឹបអូសយកនាវាដឹកប្រេងធំៗបានយ៉ាងងាយនៅច្រកសមុទ្រ Hormuz

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះបានចាក់ផ្សាយនូវអ្វីដែលខ្លួននិយាយថាជាវីដេអូនៃកងទ័ពជើងទឹកអ៊ីរ៉ង់ដែលបានរឹបអូសនាវានៅក្នុងច្រកសមុទ្រហ័រមូសបាន។ វីដេអូនេះបានបង្ហាញពីក្រុមបុរសពាក់ម៉ាស់មុខរុំជិត នៅក្នុងទូកតូចមួយបានចូលទៅកាន់តែជិតនាវាធំមួយគ្រឿងដែលកំពុងបើកបរ រួចពួកគេបានធ្វើសមក្មភាពឡើងទៅលើនាវាដោយមានកាន់ទាំងអាវុធផងដែរ។ វាបានកើតឡើងនៅពេលដែលអ៊ីរ៉ង់បានបាញ់ទៅលើនាវាចំនួន៣គ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស និងរឹបអូសនាវាពីរគ្រឿងក្នុងចំណោមពួកវាកាលពីនៅថ្ងៃពុធនេះ ដោយបង្កើនការវាយប្រហាររបស់ខ្លួនលើការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះ។ ការវាយប្រហារទាំងនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានពង្រីកបទឈប់បាញ់រវាងភាគីទាំងពីរ ខណៈដែលខ្លួនក៏បានរក្សាការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់អាមេរិកដូចគ្នា។ ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានរារាំងដល់សេវានាំចេញស្ទើរតែទាំងអស់តាមរយៈច្រកសមុទ្រនេះ – ជាទីកន្លែងដែលចំណុះប្រេងចំនួន ២០% នៃពាណិជ្ជកម្មពិភពលោកត្រូវឆ្លងកាត់កាលពីពេលមានសន្តិភាព – ដោយគ្មានទីបញ្ចប់ឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់ខ្លួនបានកំពុងនាំនាវាទាំងពីរគ្រឿងនោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាសញ្ញានៃការកើនឡើងបន្ថែមទៀត ទោះបីជាសេតវិមានបាននិយាយថា ការរឹបអូសនោះមិនបានរំលោភលើលក្ខខណ្ឌបទឈប់បាញ់ក៏ដោយ។ ជម្លោះនេះបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំងហួសពីកម្រិតតំបន់ ហើយវាបានធ្វើឱ្យតម្លៃម្ហូបអាហារ និងផលិតផលជាច្រើនទៀតក៏កើនឡើងដែរ។ តម្លៃប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានឡើងលើសពីតម្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការកើនឡើងកម្រិត ៣៥% ពីកម្រិតមុនពេលមានសង្គ្រាម ប៉ុន្តែស្ថានភាពទីផ្សារភាគហ៊ុនហាក់ដូចជានៅមិនទាន់រង្គោះរង្កើខ្លាំងចំពោះស្ថានភាពនេះនៅឡើយទេ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ