ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ថាញ៉ា ម៉ៃយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា

នាព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ។
ក្នុងឱកាសនៃជំនួប លោកស្រីប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តមអគ្គបណ្ឌិត-សភាចារ្យ ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីលទ្ធផលនៃការសិក្សា និងវិធានការគន្លឹះមួយចំនួន សម្រាប់ឆ្លើយតបបន្ទាន់ទៅសម្ពាធពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបន្ថែមលើវិបត្តិដែលកម្ពុជាបានជួបប្រទះកន្លងមក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង ។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពប្រជាជន, សកម្មភាពអាជីវកម្ម និងធានាស្ថេរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ។ដោយឡែក, ចំពោះសង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់រួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាសូត និងឧស្ម័ន LPG ដែលបានធ្វើឱ្យ រាជរដ្ឋាភិបាលបាត់បង់ចំណូល ខណៈពេលដែលរាជរដ្ឋាភិបាលមានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលនៃការសិក្សារបស់ក្រុមអ្នកជំនាញនៃធនាគារពិភពលោកនាពេលនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ដែលគ្របដណ្តប់ទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពហិរញ្ញប្បទាន សម្រាប់រាជរដ្ឋាភិបាលពិនិត្យ និងរៀបចំកញ្ចប់អន្តរាគមពិសេសជាក់ស្តែងក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ឱ្យកាន់តែចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រាកដនិយម សហថាមភាព និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចធានារក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងភាពធន់ សម្រាប់រយៈពេលមធ្យម និងវែង ។
ជាមួយគ្នានេះ, លោកស្រី ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោកនិងស្នើលោកស្រី ថាញ៉ា ម៉ៃយ័រ បន្តសហការ និងពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំកញ្ចប់អន្តរាគមពិសេសនេះឱ្យលេចចេញជារូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ ។