ឯកឧត្តម ឯក សំអុល៖ កម្ពុជា ជាប្រទេសរងគ្រោះពីឧក្រិដ្ឋកម្មអនឡាញ ពុំមែនជាសម្បុកឧក្រិដ្ឋកម្មអនឡាញនោះទេ

ថ្លែងនៅក្នុងឪកាសអនុញ្ញាតអោយក្រុមអ្នកសារព័ត៌មាន TVB News របស់ទីក្រុងហុងកុង ជួបសម្ភាស៍ផ្តាច់មុខ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ឯក សំអុល សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសមាគមិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសរងគ្រោះពីឧក្រិដ្ឋកម្មអនឡាញ ពុំមែនជាសម្បុកឧក្រិដ្ឋកម្មអនឡាញដូចដែលមជ្ឈដ្ឋានពុំមានប្រភពច្បាស់លាស់បានលាបពណ៍មកលើកម្ពុជានោះទេ។
ឯកឧត្តមប្រធានសមាគមិត្តភាពកម្ពុជា-ចិន បានបន្តថា រាជរដ្ឋាភិបាលនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជារអោយបង្ក្រាប និងលុបបំបាត់អោយអស់ពីកម្ពុជា នូវសកម្មភាពនានាដែលបំរើអោយសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្រុមឧក្រិដ្ឋជន បានលួចសង្ងំប្រព្រឹត្តបទល្មើសនៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ កម្ពុជា បានបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលមានគោលបំណងធំក្នុងការលុបបំបាត់អោយអស់នូវបញ្ហាឆបោកទាំងនេះ។ ឯកឧត្តមបានបន្តថា កម្ពុជាបានរងផលប៉ះពាល់ពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ដែលឆ្លងពីប្រទេសជិតខាងមក ហើយភាគច្រើនបានហូរចូលពីទិសខាងលិចប្រទេសកម្ពុជា តែរាជរដ្ឋាភិបាលកម្ពុជាបានខិតខំ ចុះបង្ក្រាប ដោយចាប់មេឧក្រិដ្ឋជនធំៗមួយចំនួនបញ្ចូនទៅប្រទេសចិនវិញដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងការបង្កើតច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រូមនិងប្តេជ្ញាចិត្តបោសសម្អាតអោយអស់ពីកម្ពុជា។ ក្រោយកម្ពុជាបានបើកយុទ្ធនាការបោសសម្អាត Online Scamអស់ អាជីវករ ក៏ដូចជាពលរដ្ឋកម្ពុជា និងជនបរទេសបានបង្ហាញនូវក្តីសប្បាយរីករាយជាមួយនិងស្នាមញញឹម និងមិនបានទទួលរងផលប៉ះពាល់អ្វីពីបង្ហាញនេះនោះទេ ដែលអាចបញ្ជាក់បានថា កម្ពុជា មិនបានរួមចំណែកទទួលផលអ្វីៗឡើយពីការឆបោកទាំងនេះ ដូចអ្វីដែលត្រូវបានគេលាបពណ៍នោះទេ ។
ឯកឧត្តម ឯក សំអុល សង្ឃឹមថាក្រោយចប់បទសម្ភាស៍របស់ក្រុមអ្នកសារព័ត៌មានរបស់ TVB News នៃទីក្រុងហុងកុងនាពេលនេះ និងត្រូវបានផ្សព្វផ្សាយទៅកាន់ប្រជាជនចិន និងពិភពលោក និងបានបង្ហាញអោយឃើញពីភាពស្អាតស្អំរបស់កម្ពុជា ៕