លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ៊ឹម សិទ្ធិការ្យ និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្នុងឱកាសចុះពិនិត្យនោះ លោកជំទាវ សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យមើលដោយផ្ទាល់នៅតាមផ្នែកផ្តល់សេវាសំខាន់ៗរបស់មន្ទីរពេទ្យ រួមមាន ផ្នែកទទួលជំងឺដំបូង (Emergency 24h) ផ្នែកសង្គ្រោះបន្ទាន់ (ICU) ផ្នែកវះកាត់ទូទៅ និងផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ (OPD) ព្រមទាំងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព ការរៀបចំ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានពាំនាំនូវការណែនាំ និងអនុសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដូចខាងក្រោម៖
១. ការលើកទឹកចិត្តបុគ្គលិក៖
សូមលើកទឹកចិត្តមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល ឱ្យកាន់តែប្រសើរឡើង ទោះបីមានអ្នកជំងឺច្រើនកុះករ និងមានភាពមមាញឹកក្នុងមន្ទីរពេទ្យយ៉ាងណាក៏ដោយ។
២. ការផ្តល់សេវាដោយសមធម៌៖
សូមអនុវត្តសេវាសុខាភិបាលដោយគោរពគោលការណ៍សមធម៌ ដោយមិនរើសអើងរវាង
– អ្នកជំងឺទូទៅរ៉ាប់រងដោយខ្លួនឯងផ្ទាល់ក្តី
– អ្នកជំងឺមានបណ្ណធានារ៉ាប់រងដោយ ប.ស.ស ក្តី
– អ្នកជំងឺមានប័ណ្ណក្រីក្រ ឬខ្វះលទ្ធភាពទាំងប្រជាជនកម្ពុជា និងជនបរទេស។
អ្នកជំងឺគ្រប់រូបត្រូវទទួលបានសេវាដោយសមធម៌ និងមានគុណភាពសមស្រប។
៣. ការលើកទឹកចិត្តជនបរទេសឱ្យមានការធានារ៉ាប់រងសុខភាព៖
សម្រាប់ជនបរទេសដែលមករស់នៅធ្វើការ ឬទេសចរណ៍នៅកម្ពុជា សូមលើកទឹកចិត្តឱ្យមានធានារ៉ាប់រងសុខភាព ដើម្បីធានាការថែទាំពេលមានបញ្ហាសុខភាព ដោយសារហានិភ័យដែលអាចកើតមានគ្រប់ពេល។
៤. ការសហការជាមួយស្ថានទូត៖
សូមអរគុណដល់ស្ថានទូតនានា ដែលបាន និងកំពុងយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននៅកម្ពុជា។
សូមបន្តសហការជាមួយមន្ទីរពេទ្យ ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារ និងការសម្របសម្រួលការថែទាំអ្នកជំងឺ ជាពិសេសករណីដែលត្រូវការជំនួយបន្ទាន់ក្នុងពេលមានស្ថានភាពធ្ងន់ធ្ងរ។
បន្តយកចិត្តទុកដាក់បន្ថែមទៀត ទោះក្នុងករណីអ្នកជំងឺជាជនបរទេសខ្លះ អាចខ្វះការគាំទ្រពីក្រុមគ្រួសារ ឬមិនអាចទំនាក់ទំនងបាន ទាំងនេះមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងទាំងការថែទាំព្យាបាលឱ្យជាសះស្បើយ និងពេលខ្លះត្រូវជួយរហូតដល់ដំណាក់កាលចុងក្រោយ ដោយសូមស្ថានទូត ជួយពង្រឹងការតាមដាន និងការទំនាក់ទំនងឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត។
៥. បន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែល្អ៖
សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ បន្តចូលរួមគាំទ្រ និងជំរុញការបង្កើនគុណភាពសេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយចំណុចមួយចំនួន រួមទាំងការទំនាក់ទំនងដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬការវាយតម្លៃមិនសមស្របនឹងស្ថានភាពជាក់ស្តែង។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញឱ្យបន្តផ្សព្វផ្សាយខ្លឹមសារនៃការណែនាំ និងអនុសាសន៍ទាំងនេះទៅគ្រប់ផ្នែកទាំងអស់ ដើម្បីពង្រឹងគុណភាពសេវាព្យាបាល និងការថែទាំឱ្យកាន់តែប្រសើរឡើង និងក្លាយជាទីជឿទុកចិត្តរបស់ប្រជាពលរដ្ឋ៕



