រដ្ឋបាលស្រុកស្ទឹងហាវ បើកសំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង និងប្រព័ន្ធលូ ក្នុងឃុំកំពេញ និងឃុំអូត្រេះ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងហាវ បានរៀបចំពិធីបើកសំណើដេញថ្លៃជាសាធារណៈ ដើម្បីអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០២៦ សំដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអារម៉េ និងប្រព័ន្ធលូក្នុងឃុំកំពេញ និងឃុំអូត្រេះ ប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំកំពេញ ក្រោមអធិបតីភាព លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្ត្រីបច្ចេកទេស ក្រុមប្រឹក្សាឃុំ និងតំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មានជាច្រើន។

យោងតាមរបាយការណ៍បច្ចេកទេស គម្រោងដែលដាក់ឱ្យដេញថ្លៃរួមមាន ៣ ផ្នែកសំខាន់ៗ៖
• គម្រោងសាងសង់ផ្លូវបេតុងអារម៉េ (ភូមិ១) ផ្លូវមេប្រវែង ១៣៧ ម៉ែត្រ និងផ្លូវខ្នែង ៣១៤ ម៉ែត្រ (ទទឹង ៧ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ) ដោយប្រើប្រាស់ដែកទំហំ ១២ មីលីម៉ែត្រ ដើម្បីធានាគុណភាពរឹងមាំ។
• គម្រោងប្រព័ន្ធលូអ៊ុយគ្មានគម្រប (ភូមិ១ និងភូមិ២) ប្រវែង ៣០០ ម៉ែត្រ (ទំហំ ០.៧ម x ០.៧ម) កម្រាស់បាត និងជញ្ជាំង ០.១៥ ម៉ែត្រ ប្រើប្រាស់ដែក ១០ មីលីម៉ែត្រ។
• គម្រោងប្រព័ន្ធលូអ៊ុយមានគម្រប (ភូមិ២ និងភូមិ៣) ប្រវែង ៦៥០ ម៉ែត្រ (ទំហំ ០.៧ម x ០.៧ម) រួមជាមួយការបំពាក់ស្លាកសញ្ញាគម្រោងធ្វើពីថ្មម៉ាប។

ក្នុងឱកាសនោះ លោក ឃាង ភារម្យ បានសង្កត់ធ្ងន់ថា ដំណើរការដេញថ្លៃនេះត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាពពិតប្រាកដ។ លោកបានរំលឹកដល់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃថា “ត្រូវអនុវត្តការសាងសង់ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាដាច់ខាត ដើម្បីបម្រើផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ និងធានាបាននូវគុណភាពសំណង់រឹងមាំ”។

ការអភិវឌ្ឍនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងដោះស្រាយបញ្ហាលិចលង់ក្នុងលំនៅឋាននាដូវវស្សា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្តព្រះសីហនុ៕

អត្ថបទ: ស្រីមុំ