អំឡុងពេលមានបទឈប់បាញ់១០ថ្ងៃរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់! ក្រុម Hezbollah បានឆ្លៀតរៀបចំបុណ្យសពដ៏ធំសម្រាប់យុទ្ធជនតស៊ូរបស់ពួកគេ និងសច្ចាសងសឹកមិនបោះបង់ឡើយ
អ្នកកាន់មរណទុក្ខរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងភូមិ Kfar Sir (ហ្វា សៀ) នាភាគខាងត្បូងប្រទេសលីបង់ សម្រាប់ពិធីបុណ្យសពដ៏ធំដែលរៀបចំដោយក្រុមសកម្មប្រយុទ្ធ Hezbollah សម្រាប់សមាជិក១៤នាក់ ដែលត្រូវស្លាប់អំឡុងពេលមានសង្គ្រាមរយៈពេល៦សប្តាហ៍ជាមួយប្រទេសអ៊ីស្រាអែល។ ក្រុមអ្នកកាន់ទុក្ខបានកាន់ទង់ជាតិ និងផ្ទាំងរូបភាពរបស់ក្រុម Hezbollah សម្រាប់យុទ្ធជនទាំងនោះ ហើយបានស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល ព្រមទាំងប្រឆាំងសហរដ្ឋអាមេរិកដែរ។ លោក Sheikh Mohammad Sbeiti ជាអ៊ីម៉ាមប្រចាំភូមិ Kfar Sir បាននិយាយអំឡុងកំពុងដើរក្នុងក្បួនដង្ហែសពនោះថា ការតស៊ូនឹងបន្តងើបឡើង ហើយអាវុធរបស់ពួកយើងមិនសម្រាកនោះទេ ដរាបណាយើងនៅតែកាន់កាប់វា។ ដែលនេះក៏ជា សាររបស់លោក Mujahideen ដែរ។ នាង Mariam Nasr ជាម្តាយរបស់អ្នកប្រយុទ្ធ Hezbollah ឈ្មោះ Ahmad Issa បាននិយាយបន្ថែមថា ពួកគេនឹងបន្តប្រយុទ្ធ ហើយឈាមកូនប្រុសរបស់ខ្ញុំនឹងមិនត្រូវបង្ហូរឥតប្រយោជន៍ឡើយ។ ពិធីបុណ្យសពបានកើតឡើងអំឡុងពេលមានបទឈប់បាញ់រយៈពេល ១០ថ្ងៃនៅលីបង់ ជាមួយអ៊ីស្រាអែលដែរ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យមនុស្សប្រហែលជា ២,៣០០នាក់ស្លាប់ និងជាង ៧,៥០០នាក់រងរបួស និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគច្រើនគឺស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។ ក្រុម Hezbollah បានប្រកាសពីពិធីបុណ្យសពច្រើនលើកច្រើនសារសម្រាប់ក្រុមយុទ្ធជនប្រយុទ្ធរបស់ខ្លួន ទោះបីជាខ្លួនមិនបានបង្ហាញពីចំនួនមនុស្សស្លាប់ពេញលេញក៏ដោយ។ សម្រាប់គ្រួសារជាច្រើន ពិធីបុណ្យសពទាំងនេះបង្ហាញពីការលាគ្នាដ៏សោកសៅ ប៉ុន្តែវាត្រូវបានពន្យារពេល ដោយសារសពមួយចំនួនត្រូវបានបញ្ចុះជាបណ្តោះអាសន្ន ឬនៅតែបាត់ខ្លួនអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



