អ៊ីរ៉ង់អួតបង្ហាញគម្រូមីស៊ីលបាលីស្ទិកប្រភេទ Qadr របស់ខ្លួន មុនពេលមានកិច្ចចរចារបទឈប់បាញ់ជាលើកទី២រវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់ក្នុងទីក្រុង Islamabad
ក្រុមអ្នកកាន់ជំហរដ៏រឹងរូសរបស់អ៊ីរ៉ង់បានប្រមូលផ្តុំគ្នានៅយប់ថ្ងៃអង្គារនេះ ខណៈដែលការចរចាបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដជាមួយសហរដ្ឋអាមេរិកបានបរាជ័យដែរ ដោយសមាជិកនៃកងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់ហាក់ដូចជាបាននាំយកមីស៊ីលបាលីស្ទិកទៅកាន់ទីតាំងព្រឹត្តិការណ៍នានានៅទីក្រុងតេអេរ៉ង់។ រូបភាពវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញពីក្រុមបុរសៗកាន់កាំភ្លើងវាយប្រហារបែប Kalashnikov ជាមួយនឹងមីស៊ីលដែលស្រដៀងគ្នានឹងមីស៊ីលបាលីស្ទិក Qadr នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ នៅលើជើងទម្របាញ់ចេញចល័តមួយ។ ក្រុមអ្នកគាំទ្របានស្រែកពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក និងប្រឆាំងអ៊ីស្រាអែល។ មីស៊ីល Qadr បែបនេះអាចបញ្ចេញគ្រាប់បែកតូចៗដែលគេស្គាល់ថាជាគ្រាប់បែកចង្កោម ដែលអ៊ីរ៉ង់ប្រើប្រាស់យ៉ាងទូលំទូលាយនៅពេលដែលពួកគេវាយប្រហារទៅអ៊ីស្រាអែលអំឡុងពេលធ្វើសង្គ្រាម។ ប្រធានាធិបតីអាមេរិក Donald Trump មុននេះបាននិយាយថា លោកកំពុងពង្រីកបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់តាមសំណើរបស់ប៉ាគីស្ថាន ខណៈពេលដែលអាម៉េរិកកំពុងរង់ចាំ “សំណើររួម” ពីទីក្រុងតេអេរ៉ង់ដូចគ្នា។ ការផ្លាស់ប្តូរនៅថ្ងៃអង្គារនេះបានធ្វើឡើងនៅពេលដែលសេតវិមានបានផ្អាកដំណើរទស្សនកិច្ចដែលបានគ្រោងទុកសម្រាប់អនុប្រធានាធិបតី JD Vance ទៅកាន់ប្រទេសប៉ាគីស្ថាន ចំពោះការចរចាបទឈប់បាញ់ជុំទីពីរជាមួយអ៊ីរ៉ង់ដែរ ដែលវាបានរារាំងនូវការពិភាក្សាបន្ថែមទៀត។ ប៉ុន្តែលោក Trump បានព្រមានថា យោធាសហរដ្ឋអាមេរិកនឹងបន្តបិទផ្លូវកំពង់ផែអ៊ីរ៉ង់ដដែល។ ចាប់តាំងពីមានសង្គ្រាមបានចាប់ផ្តើមមក ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសអ៊ីរ៉ង់ លីបង់ អ៊ីស្រាអែល និងរដ្ឋនានាក្នុងឈូងសមុទ្រពេក្ស៕
សម្រួលអត្ថបទ៖ សុផារិន្ទ



