ភ្នំពេញ ៖ ឯកឧត្តម ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ មានរថយន្តអគ្គិសនីចំនួន ១.៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនោះរថយន្តមានចំនួន ១ ២៩៣ គ្រឿង ដែលតូលេខមានកំណើនជាលំដាប់។
ចំណែកនៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៩គ្រឿង, ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ១ ០៧៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៨៨៩ គ្រឿង។ គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៦ ២១០ គ្រឿង ក្នុងនោះទោចក្រយានយន្តមានចំនួន ៣ ៨៣២ គ្រឿង ត្រីចក្រយានយន្តមានចំនួន ៧២២ គ្រឿង និងរថយន្តមានចំនួន ១១ ៦៥៦ គ្រឿង។
ខណៈដែលពិភពលោកកំពុងប្រឈមមុខក្តីបារម្ភពីការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីយានយន្តប្រើចំហេះឥន្ធនៈ ដែលបណ្តាលកើនឡើងកម្តៅផែនដី ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះគុណភាពខ្យល់់ និងការបំពុលបរិស្ថានទាំងមូល រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅសម្រេចឲ្យបាន ៣ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ ២០៣០។
យានយន្តអគ្គិសនី មិនត្រឹមចូលរួមលើកកម្ពស់តម្លៃបរិស្ថាន និងសុខភាពសាធារណៈ រួមទាំងពង្រឹងសន្តិសុខថាមពល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីយានយន្តអគ្គិសនី ដើម្បីបន្ស៊ីសម្តៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មី និងឈានសម្រេចប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០។
សូមបញ្ជាក់ថា ដើម្បីជំរុញសន្ទុះការប្រើប្រាស់យានយន្តអគ្គិសនីឈានឲ្យបាន ៣ ម៉ឺនគ្រឿងត្រឹមឆ្នាំ ២០៣០ ការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីបន្ថែមគឺចាំបាច់ណាស់ ដើម្បីឆ្លើយតបកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា៕



