របត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា៖ ស្រុកព្រៃនប់ បើកសង្វាក់ផលិតកម្ម «ស័ង្កសីអុកស៊ីដ» ដើម្បីផ្គត់ផ្គង់ទីផ្សារ!
ខេត្តព្រះសីហនុ ៖ ការលើកកម្ពស់និងគាំទ្រផលិតផលក្នុងស្រុក នៅតែជាជំហានដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពសង្វាក់ផលិតកម្មរបស់កម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល ស្រុកព្រៃនប់ បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិត «ស័ង្កសីអុកស៊ីដ» (Zinc Oxide) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់។
«ស័ង្កសីអុកស៊ីដ» គឺជាវត្ថុធាតុដើមដ៏សំខាន់ និងមានតម្លៃខ្ពស់សម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មនានា។ ការផលិតសារធាតុនេះបានដោយជោគជ័យ ក្រោមស្លាកសញ្ញាផ្លូវការ «MADE IN CAMBODIA / ផលិតនៅកម្ពុជា» គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរីកចម្រើន ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍនវានុវត្តន៍នៃវិស័យឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។
ការលេចរូបរាងឡើងនៃសង្វាក់ផលិតកម្មកម្រិតខ្ពស់នៅក្នុងតំបន់នេះ មិនត្រឹមតែជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការ បង្កើតឱកាសការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាជំរុញដង្ហើមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនតម្លៃ បន្ថែមនៃផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែង របស់ផលិតផលកម្ពុជានៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលនេះ អាជ្ញាធរក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យបន្តរួមគ្នាគាំទ្រ និងលើកកម្ពស់ផលិតផល «ផលិតនៅកម្ពុជា» ឱ្យកាន់តែទូលំទូលាយ ដើម្បីជាកម្លាំងចលករក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពទៅថ្ងៃអនាគត៕
អត្ថបទ:ម៉ារ៉ាឌី
ប្រភព:រដ្ឋបាលស្រុកព្រៃនប់






