រដ្ឋបាលខេត្តព្រះសីហនុ ចាប់ដៃគូជាមួយវិស័យឯកជន ត្រៀមរៀបចំ «វេទិកាធុរកិច្ចទេសចរណ៍ចិន និងដំណើរកម្សាន្ត Fam Trip» នៅចុងខែកក្កដា

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន បាននិងកំពុងពន្លឿនការងាររៀបចំដើម្បីត្រៀមស្វាគមន៍ប្រតិភូធុរកិច្ចទេសចរណ៍ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងជម្រុញកំណើនសេដ្ឋកិច្ច និងបើកឱកាសវិនិយោគថ្មីៗនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។

ជាការឆ្លើយតបនឹងផែនការនេះ 

លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀមរៀបចំ «វេទិកាធុរកិច្ចទេសចរណ៍ជនជាតិចិន និងដំណើរកម្សាន្ត (Fam Trip)» ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការទំនាក់ទំនងអន្តរជាតិ មន្ត្រីជំនាញសាលាខេត្ត និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងមកពីវិស័យឯកជន មានដូចជា ម្ចាស់សណ្ឋាគារ រីសត ភោជនីយដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូននានាក្នុងខេត្ត។

វេទិកានេះផ្ដោតសំខាន់លើការ ចូលរួមអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរជនជាតិចិន មកទស្សនាប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ក្នុងឱកាសដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងអនុវត្តគោលការណ៍លើកលែងទិដ្ឋាការជូនប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង (Green Season)។

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងអញ្ជើញអ្នកចូលរួមក្នុងប្រទេស និងប្រតិភូអន្តរជាតិសរុប ប្រមាណ ១៨០នាក់ ក្នុងនោះអញ្ជើញមកពីបណ្តាខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចង សម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុប្រមាណ ៨០នាក់ និងតំណាងស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារទេសចរណ៍ ព្រមទាំងធុរជនក្នុងវិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រមាណ ១០០នាក់។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំការងារដ៏មានសារៈសំខាន់នេះ។ លោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ២ គឺ

១ ការពង្រឹងកិច្ចសហប្រតិបត្តិការវេទិកានេះជាស្ពានចម្លងដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ ជាមួយបណ្តាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព (ខេត្ត-ក្រុងបងប្អូន) នៃប្រទេសចិន។

២ ការបើកច្រកសេដ្ឋកិច្ច នេះជាឱកាសមាសសម្រាប់វិស័យឯកជនក្នុងស្រុក ក្នុងការស្វែងរកដៃគូសហការអាជីវកម្មថ្មីៗ បង្កើនទំនាក់ទំនង និងទាក់ទាញវិនិយោគិនបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនខ្លាំងក្លា។

បើតាមការបញ្ជាក់ពីរដ្ឋបាលខេត្ត ទីតាំងយុទ្ធសាស្ត្រដែលត្រូវបានជ្រើសរើស និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការរៀបចំវេទិកា ក៏ដូចជាការធ្វើដំណើរកម្សាន្ត (Fam Trip) របស់ប្រតិភូធុរកិច្ច គឺនៅក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ព្រោះតំបន់ទាំងពីរនេះ សុទ្ធសឹងតែជាតំបន់ស្នូល ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ កម្រិតស្តង់ដារ និងមានតម្លៃសេដ្ឋកិច្ចខ្ពស់បំផុតរបស់ខេត្ត។

ការរួមសហការគ្នារវាងរដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជននាពេលនេះ បានស្តែងឱ្យឃើញពីការត្រៀមខ្លួនរួចជាស្រេច និងភាពចាស់ទុំរបស់ខេត្ត ក្នុងការស្វាគមន៍ប្រតិភូធុរកិច្ច និងអ្នកវិនិយោគទុនចិន។ សកម្មភាពនេះ មិនត្រឹមតែបង្ហាញពីសក្តានុពលដ៏សម្បូរបែប និងឱកាសវិនិយោគដែលកំពុងបើកចំហរនោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់សម្រាប់ដៃគូវិនិយោគផងដែរ៕

រូបភាព:ស៊ីថាត់

អត្ថបទ:សំអុល/ផូង ថៃ