ឯកឧត្តម ឈួរ សុបញ្ញា៖ព្រះពុទ្ធសាសនារឹងមាំនាំឱ្យសីលធម៌សង្គមរឹងមាំ; សីលធម៌សង្គមរឹងមាំនាំមូលធនមនុស្សរឹងមាំ; មូលធនមនុស្សរឹងមាំនាំឱ្យជាតិមាតុភូមិរីកចម្រើន
នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាានាបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់សាលាអនុគណស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះវរជ័យសិរីញាណ អ៊ុ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ និងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ក្នុងឱកាសនោះ ព្រះគ្រូវុឌ្ឍោធម្មបាល ប៉ុន ឌីណេត លេខាសាលាអនុគណស្រុកសាមគ្គីមុនីជ័យ បាននិមន្តឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗដែលសាលាអនុគណសម្រេចបានលើវិស័យព្រះពុទ្ធសាសនា ពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ការងាររដ្ឋបាលសង្ឃ ការបណ្តុះបណ្តាលធនធានសង្ឃ និងការចូលរួមអប់រំសីលធម៌ដល់ប្រជាពលរដ្ឋ និងយុវជននៅតាមមូលដ្ឋាន។ ព្រះអង្គក៏បានលើកឡើងពីបញ្ហាប្រឈម និងបានដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆមាសទី២ ដោយផ្តោតលើការពង្រឹងគុណភាពពុទ្ធិកសិក្សា ការបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព្រះធម៌ ការពង្រឹងសាមគ្គីភាពក្នុងសហគមន៍ពុទ្ធសាសនា និងការចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងធម្មការ និងសាសនា។
បន្ទាប់មក ព្រះធម្មនន្ទោ ឈៀង វិរៈ ព្រះធម្មធរអនុគណស្រុកសាមគ្គីមុនីជ័យ បានមានថេរដីកាផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៩/២៦ ស្តីពី «វប្បធម៌ល្អនៃការចូលទៅកាន់វត្តអារាម» របស់ក្រសួងធម្មការ និងសាសនា។ ព្រះអង្គបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រតិបត្តិឥរិយាបថសមរម្យ ការស្លៀកពាក់សុភាពរាបសារ ការគោរពទីសក្ការៈ ការរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅក្នុងវត្តអារាម ព្រមទាំងការប្រកាន់ខ្ជាប់នូវគុណធម៌ និងវប្បធម៌ខ្មែរដ៏ល្អប្រពៃ។ ព្រះអង្គបានមានថេរដីកាថា វត្តអារាមជាទីកន្លែងសម្រាប់បណ្តុះសីលធម៌ សេចក្តីថ្លៃថ្នូរ និងស្មារតីសាសនា ដូច្នេះពុទ្ធបរិស័ទគ្រប់រូបត្រូវចូលរួមថែរក្សាកិត្យានុភាព និងតម្លៃដ៏ឧត្តុង្គឧត្តមរបស់វត្តអារាមឱ្យស័ក្តិសមជាទីសក្ការៈ និងជាមជ្ឈមណ្ឌលអប់រំសីលធម៌របស់សង្គមជាតិ។
ក្នុងឱកាសនោះ ព្រះវរជ័យសិរីញាណ អ៊ុ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ បានមានព្រះថេរដីកាកោតសរសើរចំពោះព្រះចៅអធិការគ្រប់វត្ត ព្រះមន្ត្រីសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាយ៉ាងល្អក្នុងការបំពេញការងារព្រះពុទ្ធសាសនា និងការអប់រំសីលធម៌ដល់ប្រជាពលរដ្ឋ។ ព្រះអង្គបានមានថេរដីកាថា វត្តអារាមគឺជាមជ្ឈមណ្ឌលអប់រំមនុស្សពីខាងក្នុង ជាទីកន្លែងបណ្តុះសីលធម៌ គុណធម៌ និងសាមគ្គីភាពក្នុងសហគមន៍។ ព្រះអង្គបានជំរុញឱ្យព្រះសង្ឃគ្រប់ព្រះអង្គបន្តពង្រឹងការសិក្សាព្រះធម៌ ព្រះវិន័យ និងការផ្សព្វផ្សាយព្រះសទ្ធម្ម ដើម្បីចូលរួមកសាងសង្គមប្រកបដោយសុខដុមរមនា និងគុណធម៌។
ក្នុងមតិសំណេះសំណាល ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងការកោតសរសើរពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេនចំពោះ ព្រះវរជ័យសិរីញាណ អ៊ុ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការគ្រប់វត្ត ព្រមទាំងជូនចំពោះអាជ្ញាធរមូលដ្ឋាន លោកអាចារ្យ និងគណៈកម្មការវត្តទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការថែរក្សា ការពារ និងលើកស្ទួយព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំសីលធម៌ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ និងជាប្រភពនៃការអប់រំសីលធម៌ គុណធម៌ និងមនសិការសង្គម។ ក្រសួងធម្មការ និងសាសនា តែងតែយកចិត្តទុកដាក់លើការងារពង្រឹងពុទ្ធិកសិក្សា ការអប់រំព្រះធម៌ ព្រះវិន័យ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងបរិបទសង្គមបច្ចុប្បន្ន ការអប់រំមិនអាចផ្តោតតែលើចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌ ចរិយាធម៌ និងការទទួលខុសត្រូវសង្គម។ វត្តអារាម និងសាលាពុទ្ធិកសិក្សា ត្រូវបន្តដើរតួនាទីជាសាលាជីវិត ក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានសច្ចៈ កតញ្ញូ និងខន្តី ដែលជាត្រៃកូដធម៌ដ៏សំខាន់សម្រាប់ការកសាងខ្លួន កសាងគ្រួសារ និងកសាងសង្គមជាតិ។ សូមអំពាវនាវឱ្យព្រះចៅអធិការ គណៈកម្មការវត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តសហការគ្នាថែរក្សាសុខដុមនីយកម្មសាសនា ពង្រឹងការអប់រំសីលធម៌ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសាសនា និងសង្គម ដើម្បីរួមចំណែកកសាងមូលធនមនុស្សប្រកបដោយគុណភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់សាលាអនុគណស្រុកសាមគ្គីមុនីជ័យ ក្នុងរយៈពេលឆមាសទី១ កន្លងមក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា ការផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ការអប់រំសីលធម៌ និងការថែរក្សាសុខដុមនីយកម្មសាសនានៅតាមមូលដ្ឋាន។ ឯកឧត្តមបានកោតសរសើរចំពោះព្រះសង្ឃ និងគណៈកម្មការវត្តទាំងអស់ ដែលបានខិតខំរួមចំណែកថែរក្សា ការពារ និងលើកស្ទួយព្រះពុទ្ធសាសនា។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចសហការល្អរវាងព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានរួមគ្នាថែរក្សាវត្តអារាមឱ្យក្លាយជាមជ្ឈមណ្ឌលសាសនា វប្បធម៌ និងការអប់រំសម្រាប់សហគមន៍។ ឯកឧត្តមបានអំពាវនាវឱ្យបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការនេះឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមូលដ្ឋាន។
ជាចុងក្រោយ ឯកឧត្តមបានលើកទឹកចិត្តដល់ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការគ្រប់វត្ត លោកអាចារ្យ និងគណៈកម្មការវត្តទាំងអស់ ឱ្យបន្តបំពេញភារកិច្ចដោយឆន្ទៈ មនសិការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យវត្តអារាមនៅតែជាទីពឹងផ្លូវចិត្ត ជាមជ្ឈមណ្ឌលសីលធម៌ និងជាប្រភពនៃសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិជារៀងរហូត។វត្តអារាមមិនត្រឹមតែជាទីកន្លែងប្រតិបត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ។ ដូច្នេះ ការពង្រឹងពុទ្ធិកសិក្សា និងការអប់រំសីលធម៌ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ។






