ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

នៅទីស្ដីការ ក.ប.ទ.​នា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត នៃ សាកលវិទ្យាល័យជាតិ គ្រប់គ្រងប្រមាណ ៣៧៥រូប ។

រំលេចថា បទបាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកអំពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីជា វ៉ាន់ដេត បានថ្លែងអំពីបទបាឋកថានេះ ដោយលើកឡើងធ្វើការចែករំលែកអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍថ្នាលរួម DG SuperApp និងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ដ៏ជោគជ័យរហូតត្រូវបានប្រទេសមួយចំនួនក្នុងតំបន់នាំយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត ពិភាក្សានិងលើកឡើងជាសំណួរពាព័ន្ធនឹងការងាររបស់ក្រសួងសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា និស្សិត នៃ សាកលវិទ្យាល័យជាតិ គ្រប់គ្រង ត្រូវស្វែងយល់បន្ថែម ទៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល នៃការអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ននានា ផ្នែកអតីតកាលនិងបច្ចុប្បន្នតាមបែបឌីជីថល ដែលមានលើខ្សែកាបអុកទិច បង្គោលអង់ទែន មន្ទីពិសោធន៏AIនិងមជ្ឍមណ្ឌលទិន្នន័យ។ល។បច្ចុប្បន្នក្រសួងបាន និងកំពុងបន្តអនុវត្តន៏ច្បាប់ ទិសដៅបន្ថែមទៀត មានលក្ខណៈកំណែទម្រង ដាក់ចេញផ្តោតទៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងច្បាប់គ្រប់គ្រងប្រព័ន្ធអនឡាញ ការពារទិន្នន័យ ស្របជាមួយរាជរដ្ឋាភិបាលសម័យឌីជីថល។