គម្រោងស្តារផ្លូវជាតិលេខ ៤ ជិត ២០០ គីឡូម៉ែត្រ សម្រេចបញ្ចប់ ១០០% ដោយចាយថវិកាជាង ១០០លានដុល្លារ
ភ្នំពេញ ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចវឌ្ឍនភាព (Physical Progress) បញ្ចប់ ១០០%។
ឯកឧត្តម ផន រឹម បន្តថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ អនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (WB) ចំនួន ១១០ លានដុល្លារអាមេរិក ដែលមានយៈពេលអនុវត្តចំនួន ០៨ ឆ្នាំ (២០១៨-២០២៦) ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ហិរញ្ញប្បទានសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ ០៤ មានប្រវែងសរុប ១៩៦,១០ គីឡូម៉ែត្រ ដែលការអនុវត្តការងារមានការពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ រួមទាំងសាងសង់ស្ពានថ្មីបន្ថែម។
គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៩៦,១០ គីឡូម៉ែត្រ ក្នុងនោះកំណាត់ទី ១ ចាប់ពីគីឡូម៉ែត្រលេខ ១៩+៧០០ ដល់គីឡូម៉ែត្រលេខ ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវស្ថាបនាពង្រីកជា ៤ គន្លងមានប្រវែង ២៨,៨០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ១១,៥០ គីឡូម៉ែត្រ លើប្រវែងសរុប ៤០,៣០ គីឡូម៉ែត្រ ។
កំណាត់ទី២៖ ចាប់ពីគីឡូម៉ែត្រលេខ ៦០+០០០ ដល់គីឡូម៉ែត្រលេខ ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ២,៦៨ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៣៨,៣២ គីឡូម៉ែត្រ ក្នុងប្រវែងសរុប ៤១,០០ គីឡូម៉ែត្រ។
កំណាត់ទី៣៖ ចាប់ពីគីឡូម៉ែត្រលេខ ១០១+០០០ ដល់គីឡូម៉ែត្រលេខ ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ០,៣០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៤១,៧០គីឡូម៉ែត្រ ក្នុងប្រវែងសរុប ៤២,០០គីឡូម៉ែត្រ។
កំណាត់ទី ៤ ចាប់ពីគីឡូម៉ែត្រលេខ ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ០,៩៣ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៤២,០៧ គីឡូម៉ែត្រ ក្នុងប្រវែងសរុប ៤៣,០០ គីឡូម៉ែត្រ និងកំណាត់ទី ៥ ចាប់ពីគីឡូម៉ែត្រលេខ ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ ត្រូវពង្រីកជា ៤ គន្លងមានប្រវែង ៧,៣០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ២២,៥០ គីឡូម៉ែត្រ ក្នុងប្រវែងសរុប ២៩,៨០ គីឡូម៉ែត្រ។
ក្នុងគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ក៏មានកែលម្អស្ពានចាស់ចំនួន ២៤ កន្លែង ត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨ កន្លែងទៀត ដែលក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរងការជន់លិចដោយទឹកជំនន់ជារៀងរាល់ឆ្នាំ៕





