កាមេរ៉ាសម្គាល់ទម្រង់មុខមនុស្សជិត៥០០គ្រឿង ដែលជាជំនួយពីចិន នឹងត្រូវបំពាក់នៅភ្នំពេញដើម្បីលើកកម្ពស់សន្តិសុខ
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយចិនលើអនុវត្តន៍គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាត ដែលនឹងបំពាក់ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ។ តាមគម្រោងនេះចិននឹងផ្ដល់កាមេរ៉ាដែលអាចសម្គាល់ទម្រង់មុខមនុស្ស និងស្លាកលេខយានយន្ត ៤៨៧គ្រឿង ដើម្បីបំពាក់នៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ «នគរបាលវៃឆ្លាត» នេះគឺជាការអនុវត្តជាក់ស្ដែងនៃគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
គម្រោងអភិវឌ្ឍន៍នគរបាលឆ្លាតវៃនេះនឹងមកជាមួយមជ្ឈមណ្ឌលបញ្ជាការដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងឆ្លើយតបចំពោះស្ថានភាពអាសន្នបានទាន់ពេលវេលាមួយទៀតផងដែរ។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានបង្ហាញការយល់ឃើញថាការបំពាក់ប្រព័ន្ធកាមេរ៉ាទំនើបនេះអាចជួយសម្រួលដល់ការងាររបស់នគរបាលរៀបចំសណ្ដាប់ធ្នាប់ កាត់បន្ថយបទល្មើស ងាយស្រួលស្វែងរកជនសង្ស័យ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ទោះជាយ៉ាងណាលោកក៏បានបង្ហាញក្ដីបារម្ភផងដែរ ទាក់ទងសិទ្ធិសេរីភាព និងឯកជនភាពរបស់ប្រជាពលរដ្ឋ ហើយប្រសិនជាការគ្រប់គ្រងខ្វះចន្លោះណាមួយទិន្នន័យដែលនគរបាលមានអាចធ្លាក់ទៅជនទី៣ ដែលអាចបង្កបញ្ហាបាន។
លោកបន្ថែមថា ក្នុងពេលដែលមានរៀបចំនេះរដ្ឋាភិបាលគួរបង្កើតច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋ និងត្រូវធានាពីតម្លាភាព គណនេយ្យភាពរបស់នគរបាលដោយមិនត្រូវប្រើប្រាស់ដើម្បីគំរាមកំហែងឬកៀបសង្កត់ដល់ការអនុវត្តន៍សិទ្ធិរបស់ប្រជាជននោះទេ ជាមួយគ្នានេះការដាក់ស្លាកសញ្ញាឱ្យពលរដ្ឋដឹងពីមានបំពាក់កាមេរ៉ាចាប់ផ្ទៃមុខក៏សំខាន់ផងដែរ។ អ្វីដែលសំខាន់នោះគឺរដ្ឋត្រូវធានាថា ប្រព័ន្ធគ្រប់គ្រងកាមេរ៉ាចាប់ផ្ទៃមុខ និងស្លាកលេខយានយន្តនេះមិនត្រូវស្ថិតក្រោមការគ្រប់គ្រងពីបរទេសណាមួយឡើយ ដើម្បីធានានូវអធិបតេយ្យភាពទិន្នន័យ និងសន្តិសុខជាតិទាំងមូលផងដែរ៕





